អភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ Video Conference រវាងខេត្តកោះកុង និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន


ថ្ងៃចន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ Video Conference រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដេីម្បីចុះហត្ថលេខាលើខ្លឹមសារព្រៀងកំណត់ហេតុ ស្ដីពីការអភិវឌ្ឍទំនាក់ទំនងទីក្រុងជាបងប្អូន រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងបានពិភាក្សាទៅលើវិស័យសំខាន់ៗរួមមាន ៖
១. វិស័យទេសចរណ៍ : ភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមក ក្នុងការរៀបចំផ្សព្វផ្សាយជាសាធារណៈ ស្ដីពីវិស័យទេសចរណ៍ នៃខេត្ត-ក្រុងទាំងពីរ ហើយនិងផ្ដល់ភាពងាយស្រួល និងគោលនយោបាយអនុគ្រោះសម្រាប់ពលរដ្ឋក្នុងការធ្វើដំណើទៅវិញទៅមក។
២. វិស័យពាណិជ្ជកម្ម : ផ្ដល់នូវការគាំទ្រពេញលេញទៅលើធនធានផ្សេងៗ និងគុណសម្បត្តិផ្នែកឧស្សាហកម្មនៃ ភាគីទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកសិកម្ម និងពាណិជ្ជកម្មផ្នែកផលិតផល។
៣. វិស័យវប្បធម៍ : ជំរុញផ្សព្វផ្សាយទេសភាពទេសចរណ៍ជាយក្រុងទៅវិញទៅមក និងលក្ខណៈពិសេសផ្នែកឧស្សហកម្ម និងពង្រីកភាពជឿជាក់ ការយោគយល់ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ។
៤. វិស័យអប់រំ : ពង្រឹងការផ្លាស់ប្ដូរការសិក្សា កិច្ចសហការបង្រៀនអោយ បានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន និងពង្រឹងកម្មវិធីសម្រាប់ការធ្វើទស្សនកិច្ចសិក្សារបស់និស្សិតក្រោមលក្ខខណ្ឌណាមួយសមរម្យ។
៥. វិស័យកសិកម្ម : ស្វែងរកធនធានជាលក្ខណៈពិសេសផ្នែកកសិកម្ម ផ្ដល់គុណសម្បត្តិឱ្យភាគីទាំងពីរ និងពង្រឹងមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដូចជា ធនធានបំពេញបន្ថែមកម្រិតខ្ពស់ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាកសិកម្ម។ ក្រុងវៃណាន និងខេត្តកោះកុង នឹងជំរុញបង្កើតចំណងមិត្តភាពខេត្ត-ក្រុងយ៉ាងសកម្មជាលក្ខណៈអន្តរជាតិ៕