អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញចូលរួមចុះពិនិត្យសកម្មភាពរបស់កសិកររងគ្រោះទឹកជំនន់ទឹកភ្លៀង ដែលកំពុងសាបព្រោះបង្កបង្កើនផលឡើងវិញ


នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យសកម្មភាពបង្កបង្កើនផលស្ដារឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងឆ្នាំ២០២០ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំល្វា ស្រុកព្រៃឈរ បន្ទាប់ពីទទួលបានពូជស្រូវជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
គួររំលឹកថា៖ តាមរយៈប្រព័ន្ធស្បៀងបំរុងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ពូជស្រូវដល់ប្រជាកសិករ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងទាំង ៣.២០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាមសម្រាប់ធ្វើការដាំដុះស្ដារឡើងវិញនូវអ្វីដែលបានទទួលរងការខូចខាតនាពេលកន្លងទៅ។
ប្រជាកសិករដែលទទួលបានពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់ផ្ដើមអនុវត្តការងារបង្កបង្កើនផលស្ដារឡើងវិញ ជាលទ្ធផលគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទៃដីដែលរងការខូចខាត ចំនួន ១.៩៦៧ហិចតា បានស្តារឡើងវិញចំនួន ១.៧០២ហិចតា ស្មើនឹង ៨៦ភាគរយ ក្នុងនោះ ៖
-ស្រុកកំពង់សៀម ខូចខាតចំនួន ១១០ហិចតា បានស្ដារឡើងវិញចំនួន១១០ហិចតា ស្មើ១០០ភាគរយ
-ស្រុកស្ទឹងត្រង់ ខូចខាតចំនួន ៨០៧ ហិចតា បានស្តារឡើងវិញចំនួន ៥៨៣ហិចតា ស្មើ៧២ភាគរយ
-ស្រុកបាធាយ ខូចខាតចំនួន ៥៧៨ហិចតា បានឡើងវិញចំនួន ៥៧៨ហិចតា ស្នើនឹង ១០០ភាគរយ
-ស្រុកព្រៃឈរ ខូចខាតចំនួន ១៥៤ហិចតា បានស្ដារឡើងវិញចំនួន ១០៨ហិចតា ស្មើ៧០ភាគរយ។
-ស្រុកជើងព្រៃ ខូចខាតចំនួន ៣១៨ហិចតា បានស្ដារឡើងវិញចំនួន ១៤៣ហិចតា ស្មើ៤៤ភាគរយ៕