មន្ត្រីសុខាភិបាលចាត់វិធានការកម្ចាត់មូស ប្រឆាំងជំងឺគ្រុនឈាម និងជំងឺ ZIKA


Anti Mos 03 02 16 2 copy

     មន្ទីរ​សុខា​ភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​បាញ់​ថ្នាំ​សម្លាប់​មូស​នៅ​ជាយ​ក្រុង ​ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈាម​និង​ទប់​ស្កាត់​ជំងឺ​គ្រុន​ម្យ៉ាង​ដែល​ឆ្លង​ពី​វិរុស ​Zika​ ។

     វីរុស Zika ​គឺ​ជា​វីរុស​ម្យ៉ាង​ដែល​គេ​រក​ឃើញ​ថា​ បាន​ឆ្លង​មក​ពី​សត្វ​មូស​ខាំ ដែល​បង្ក​ឱ្យ​កើត​ជំងឺ​​គ្រុន​ម្យ៉ាង​ធ្ងន់​ធ្ងរ​ ស្រដៀង​នឹង​ជំងឺ​គ្រុន​ឈាម​ផង​ដែរ​ ។ បរិមាណ​មូស​នៅ​ប្រទេស​កម្ពុជា​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ត្រូវ​ក្រុម​ជំនាញ​និយាយ​ថា មាន​ចំនួន​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ដែល​នាំ​ឲ្យ​ក្រសួង​សុខា​ភិបាល​ បារម្ភ​ចំពោះ​ការ​ឆ្លង​ជំងឺ​មួយ​ចំនួន​ដោយ​សារ​មូស​ខាំ ​។

     មន្ទីរ​សុខា​ភិបាល​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែ​​កុម្ភៈ​ ឆ្នាំ ២០១៦​ បាន​ចាត់​មន្ត្រី​ចុះ​បាញ់​ថ្នាំ​សម្លាប់​មូស​ នៅ​តំបន់​ជម្រក​មូស​មួយ​ចំនួន​ ក្នុង​ខណ្ឌ​សែន​សុខ​រាជ ធានី​ភ្នំពេញ ។ ប្រធាន​កម្ម​វិធី​គ្រុន​ចាញ់ គ្រុន​ឈាម​នៃ​មន្ទីរ​សុខា​ភិបាល រាជធានី​ភ្នំពេញ​ លោក​វេជ្ជ​បណ្ឌិត ​តាំង ប៊ុនឃីម បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រសួង​សុខា​ភិបាល​បាន​ណែ​នាំ​ដល់​មន្ទីរ​សុខា​ភិបាល​រាជធានី និង​ខេត្ត​ ត្រូវ​អនុវត្ត​វិធាន​ការ​កម្ចាត់​មូស​ព្រម​ៗ​គ្នា គ្រា​ដែល​វិរុស Zika កំពុង​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​តំបន់​អាម៉េរិក​ខាង​ត្បូង អឺរ៉ុប​ជាដើម​ ។

     វីរុស Zika ត្រូវ​បាន​អង្គការ​សុខា​ភព​ពិភព​លោក​ប្រកាស​ថា គឺ​ជា​បញ្ហា​កង្វល់​សម្រាប់​សុខ​ភាព​សាធារណៈ​ជា​អន្តរ​ជាតិ ​។ ការ​ប្រកាស​នោះ ដោយ​សារ​ជំងឺ​នេះ បាន​ឆ្លង​តាម​រយៈ​មូស​ខាំ និង​បាន​រីករាល​ដាល​ខ្លាំង​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ជា​ពិសេស​គឺ​តំបន់​អាម៉េរិក​ខាង​ត្បូង,​… អឺរ៉ុប,​… អាហ្វ្រិក និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ជា​ដើម ​។ រោគ​សញ្ញា​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស Zika ​បណ្ដាល​ឱ្យ​អ្នក​ជំងឺ​មាន​អាការៈ​ក្តៅ​ខ្លួន ឈឺ​ក្បាល មាន​កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក និង​ឈឺ​សន្លាក់​ជា​ដើម​ ។ អ្នក​វិទ្យាសាស្ត្រ​បាន​ឱ្យ​ដឹង​ថា ​គេ​កំពុង​ព្រួយ​បារម្ភ​ថា ​ស្ត្រី​មាន​ផ្ទៃ​ពោះ ដែល​រង​វីរុស Zika នឹង​អាច​បណ្ដាល​ឱ្យ​កូន​កើត​មក​មាន​ក្បាល​តូច ​ខុស​ពី​ធម្មតា​ថែម​ទៀត​ ។

     អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ប្រកាស​នៅ​ថា ក្នុង​រយៈ​ពេល​ ១២​ខែ ​ចុង​ក្រោយ​ គ្រាន់​តែ​នៅ​ក្នុង​ទ្វីប​អាម៉េរិក​តែ​មួយ អ្នក​ជំងឺ​ឆ្លង​វីរុស Zika មាន​ប្រមាណ​ពី​​៣​ ទៅ​ ៤​លាន​នាក់ ​ហើយ​ ។

Anti Mos 03 02 16 3 copy

Anti Mos 03 02 16 4 copy