ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន អះអាងថា បាតុកម្មកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បានបន្សល់ទុកនូវសោកនាដកម្មយ៉ាងជូរចត់សម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់សាច់ញាតិនៃជនរងគ្រោះ ដូច្នេះតាមការជាក់ស្តែង មិនគួរទុកឲ្យមេដឹកនាំបាតុកម្មរួចខ្លួននោះទេ ពីព្រោះការធ្វើបាតុកម្មមហិច្ឆតាផ្ទាល់ខ្លួន បែរជានាំគេទៅស្លាប់ និងរបួសយ៉ាងច្រើន។
ឯកឧត្តមបានលើកឡើងថា គេនៅចាំមិនភ្លេចទេ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ លោក សម រង្សី បានដឹកនាំធ្វើបាតុកម្មអនាធិបតេយ្យមួយនៅខាងមុខមន្ទីររដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង។ ពេលនោះមានបាតុភាពផ្ទុះគ្រាប់បែកចំនួន៤ គ្រាប់នៅក្នុងហ្វូងបាតុករ បណ្តាលឲ្យមនុស្សជាង ១០នាក់ស្លាប់ ហើយរបួសជាច្រើនសិបនាក់ទៀត។ ឯកឧត្តមបន្តថា ដោយមានជនបរទេសរបួស ភ្នាក់ងារ FBI បានលូកដៃចូលធ្វើការស៊ើបអង្កេតយ៉ាងមមាញឹក រហូតដល់ដើមទសវត្សរ៍ទី២០ ទើបបានបិទបញ្ចប់ការសើបអង្កេតនេះ ដោយមូលហេតុថារកមិនឃើញភស្តុតាង និងអ្នកប្រព្រឹត្ត។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា បាតុកម្មនេះបានបន្សល់ទុកនូវសោកនាដកម្មយ៉ាងជូរចត់សម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់សាច់ញាតិនៃជនរងគ្រោះ។ លោកបញ្ជាក់ជាក់ថា “តាមការជាក់ស្តែង មិនគួរទុកឲ្យមេដឹកនាំបាតុកម្មរួចខ្លួននោះទេ ដោយសារមហិច្ឆតាផ្ទាល់ខ្លួនឯង នាំគេទៅស្លាប់ និងរបួស” បានជាក្រោយៗមកទៀត ជនចិត្តខ្មៅនេះ នៅតែហ៊ានដឹកនាំធ្វើបាតុកម្មតូចធំតាមអំពើចិត្ត ទោះបីធ្វើឲ្យមានអ្នកស្លាប់ របួសក៏មិនឈឺក្បាលវិលមុខដែរ។ ប្រជាជនកម្ពុជា ត្រូវចំណាំមុខមនុស្សចង្រៃនេះឲ្យច្បាស់ ហើយគួរជៀសឲ្យឆ្ងាយ កុំឲ្យវាមានឱកាសមកជាន់ដីខ្មែរឲ្យសោះរហូតតរៀងទៅ”។