កម្មករ​-​កម្មការិនី​បាន​សាទរ និង​ថ្លែង​នូវ​ការដឹងគុណ​ ចំពោះ​រាជរដ្ឋាភិបាល ​ដែល​បាន​បញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​


​ភ្នំពេញ​ ៖ កម្មករ​-​កម្មការិនី បម្រើ​ការងារ​ក្នុង​វិស័យឧស្សាហកម្ម​កាត់ដេរ នៅ​ជាយ​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការ​សាទរ និង​ដឹងគុណ​ជានិច្ច ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានគិត​គូរ​ដល់​ការបន្ថយ​ថ្លៃ​លក់​អគ្គិសនី ក្នុងការ​ចូលរួម​កាត់​បន្ថយ​នូវភាពក្រីក្រ​ពិតប្រាកដ ដើម្បី​ឲ្យ​កម្មករ​-​កម្មការិនី ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ កាន់តែ​មានលទ្ធភាព ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

​តំណាង​ក្រុមកម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ បាន​ជួល​បន្ទប់​ស្នាក់នៅក្នុង​ និង​ជាយ​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅ​ថ្ងៃទី០១​ មេសា ឆ្នាំ​២០១៧ នេះ​ថា ពាក់ព័ន្ធ​នឹងវិស័យ​អគ្គិសនី ពួគគាត់​ទទួល​ការចុះ​ត​បណ្តាញ និង​ដំឡើង​កុង​ទ័​រ​អគ្គិសនី​ម្តង​រួចមក​ហើយពី​អគ្គិសនី​កម្ពុជា ដែលជាការ​ជំរុញ​ឲ្យ​ពួកគាត់​កាន់តែ​មានលទ្ធភាព ក្នុងការ​ប្រើប្រាស់​អគ្គិសនី​ដោយ​ខ្លួនឯង ជាពិសេស​ការកាត់បន្ថយ​ចំណាយបាន​មួយផ្នែកធំ លើ​ការប្រើប្រាស់​អគ្គិសនី​នេះ​តែម្ដង​។​

ពាក់ព័ន្ធ​នឹង​ការបន្ថយ​ថ្លៃ​លក់​អគ្គិសនី របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​បានចេញ​តាម​សេចក្តីជូនដំណឹង ស្តីអំពី ការបន្ថយ​ថ្លៃ​លក់​អគ្គិសនី នៅក្នុង​តំបន់​ចែកចាយ​អគ្គិសនី​កម្ពុជា ដែល​នឹង​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧ តំណាង​កម្មករ​-​កម្មការិនី ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ហូរ​គារ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ចាក់អង្រែ​ក្រោម​ និង​កម្មករ​-​កម្មការិនី នៅ​រោងចក្រ ហុង វ៉ា បាន​សម្តែង​នូវ​ការសប្បាយ​ចិត្ត​យ៉ាងខ្លាំង ។

កម្មករ កម្មការិនី ​ក៏បាន​ថ្លែង​នូវ​ការដឹងគុណ​ជានិច្ច ចំពោះ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែងតែ​គិតគូរ​ខ្ពស់ ​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ដល់ក​ម្មករ​-​កម្មការិនី ដែល​កំពុង​រស់នៅ​បន្ទប់​ជួល ឲ្យ​មានលទ្ធភាពកាន់តែច្រើន នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដែល​ពួកគាត់​ចាត់ទុកថា ជាការ​ទទួលបាន​អត្ថប្រយោជន៍​ជា​បន្តបន្ទាប់ពី​រាជរដ្ឋាភិបាល​។​

លោក តេង សុខុមាល នាយក​បញ្ជី​ផ្នែក​លក់​អគ្គិសនី នៃ​អាជ្ញាធរ​អគ្គិស​នី​កម្ពុជា បាន​ឲ្យ​ដឹងថា នៅក្នុង​ការបញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​បានរៀបចំ​ពី​នីតិវិធី​រួច​ជាស្រេច ដើម្បី​ចាប់​អនុវត្តន៍​ពីថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៧ ស្អែក​នេះ​តទៅ ក្នុងនោះ​សម្រាប់​សេវាករដែល​បាន​ត​អគ្គិសនី​ចេញពីបណ្តាញ​ជាតិ យកទៅ​ផ្គត់ផ្គង់​អគ្គិសនី​ជូន​អតិថិជន​របស់ខ្លួន ក៏​តម្រូវ​ឲ្យ​កំណត់​ថ្លៃ​លក់​អគ្គិសនី​ថ្មី​នេះ​ផងដែរ លើកលែងតែ​សេវាករ ដែល​ធ្វើការ​ផ្គត់ផ្គង់​ដោយ​ម៉ាស៊ីន និង​សេវាករ​ដែល​ទាញយក​ប្រភព​អគ្គិសនី​មកពី​ប្រទេសជិតខាង។​

បើ​យោងតាម​ប្រសាសន៍​របស់​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុ​និស្សិត​សិស្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពីពេល​ថ្មីៗ​នេះ បាន​លើកឡើង​ថា ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១​៧នេះ​តទៅ ប្រជាពលរដ្ឋ​នឹង​ទទួលបាន​អត្ថប្រយោជន៍​សំខាន់ៗ​ជាច្រើន ពាក់ព័ន្ធ​នឹង​វិស័យ​អគ្គិសនី ក្នុងនោះ​សម្រាប់​អ្នកប្រើប្រាស់​អគ្គិសនី​ក្រោម​១០​គីឡូវ៉ាត់ម៉ោងក្នុង​មួយខែ នឹង​ចុះថ្លៃ​មកនៅត្រឹម​៤៨០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ប្រើប្រាស់​ក្រោម​៥០​គីឡូវ៉ាត់ម៉ោងក្នុង​មួយខែ ធ្លាក់​ថ្លៃ​មក​នៅ​៦១០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ចំណែក​អ្នកប្រើប្រាស់​ភ្លើង​លើសពី​៥០​គីឡូវ៉ាត់ម៉ោង ក្នុង​មួយខែ​វិញ នៅត្រឹម​៧៧០​រៀល ក្នុងមួយ​គីឡូវ៉ាត់ម៉ោង ៕