ភ្នំពេញ ៖ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧ ដើម្បីពិភាក្សាពីការរៀបចំក្បាលម៉ាស៊ីនថ្មី ឲ្យស្របតាមលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានអះអាងថា បន្ទាប់ពីបានពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ និងសន្និសិទសារព័ត៌មានរបស់ក្រសួងមហាផ្ទៃមក គណបក្សសង្គ្រោះជាតិ ហាក់ដូចជាបន្ទន់ឥរិយាបថ ងាកមកអនុវត្តឲ្យបានត្រឹមត្រូវតាមខ្លឹមសារលក្ខន្តិកៈរបស់ខ្លួនវិញ។
ឯកឧត្តម បានលើកឡើងថា ក្រោយពីបានពិភាក្សាជាមួយគ្នារវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ ២៩ ខែមីនា ឆ្នាំ ២០១៧ និងក្រោយពីតំណាងក្រសួងមហាផ្ទៃបានធ្វើសន្និសិទសារព័ត៌មាននាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧មក គណបក្សសង្គ្រោះជាតិ បានធ្វើលិខិតមួយច្បាប់មកក្រសួងមហាផ្ទៃដោយផ្ញើលក្ខន្តិកៈបក្សភ្ជាប់មកជាមួយផង។ ឯកឧត្តមបន្តថា ជាជំហរចុងក្រោយរបស់គណបក្សសង្គ្រោះជាតិថា នៅពេលក្រសួងមហាផ្ទៃផ្តល់សុពលភាពលើលក្ខន្តិកៈគណបក្សថ្មីហើយ គណបក្សសង្គ្រោះជាតិនឹងរៀបចំនូវសមាសភាពថ្នាក់ដឹកនាំគណបក្សត្រឹមត្រូវទៅតាមខ្លឹមសារនៃលក្ខន្តិកៈបក្ស មិនឲ្យមានបញ្ហាទៀតទេ។
ឯកឧត្តម សុខ ឥសាន ថា “ការដែលគណបក្សសង្គ្រោះជាតិ សុខចិត្តផ្លាស់ប្តូរជំហររបស់ខ្លួននេះ គឺជាការងាកមកអនុវត្តឲ្យបានត្រឹមត្រូវតាមខ្លឹមសារលក្ខន្តិកៈគណបក្សវិញ។ ដូច្នេះ ការផ្លាស់ប្តូរជំហរនេះមិនមែនជាការធ្វើសម្បទានរបស់គណបក្សសាង្គ្រោះជាតិនោះទេ តែគឺជាការអនុវត្តឲ្យត្រឹមត្រូវឡើងវិញតាមលក្ខន្តិកៈគណបក្សតែប៉ុណ្ណោះ។ កន្លងទៅ បើសិនជាគណបក្សសង្គ្រោះជាតិ ធ្វើត្រឹមត្រូវតាមប្រការ៤៧ នៃលក្ខន្តិកៈបក្សនោះប្រាកដជាគ្មានបញ្ហាទេ”។