ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា៖ កម្មវិធីនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ


ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងថា កម្មវិធីនយោបាយ ដែលបានដាក់ចេញយកមកអនុវត្តន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គឺមានភាពត្រឹមត្រូវធ្វើឲ្យប្រទេសជាតិ ទទួលបាននូវការអភិវឌ្ឍរីកចម្រើនគ្រប់បែបយ៉ាង ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា និងអជ្ញាធរមូលដ្ឋាន នាំអំណោយ មនុស្សធម៌ដែលបានមកពីការចូលរួមរបស់សប្បុរសជន យកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានលើកឡើងយ៉ាងដូច្នេះថា៖ «រយៈពេល៤០ឆ្នាំមកហើយក្រោយថ្ងៃរំដោះ៧មករាឆ្នាំ៧៩ ក្នុងខេត្តព្រះវិហារដែលមាន៨ក្រុង ស្រុកមានវត្តអារាមតិចណាស់ ប្រហែល១០វត្តតែប៉ុណ្ណោះ។ ប៉ុន្តែឥលូវនេះមានរហូតជាង ១០០វត្តឯណោះ ហើយព្រះសង្ឃក៏មានច្រើនអង្គដែរ។ បញ្ហានេះសរបញ្ជាក់ឲ្យឃើញថាមាគ៌ាកម្មវិធីនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺត្រឹមត្រូវ រំដោះមករកសន្តិភាព ហើយស្តាឡើងវិញនូវអ្វីដែលត្រូវបាត់បង់ក្នុងរបបខ្មែរក្រហម»

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា បញ្ហាវត្តអារាមមានការរីកចម្រើនទៅបាន គឺដោយសារខាងផ្នែកអាណាចក្រមានការរីកចម្រើនដែរ បើមិនមានការរីកចម្រើនតើ ប្រជាពលរដ្ឋឯណាមានបច្ច័យទៅប្រគេនលោក ដើម្បីសាងសង់វត្តបាន។ ប៉ុន្តែបច្ចុប្បន្ននេះ វិសយ័ព្រះពុទ្ធសាសនាបានផ្សារភ្ជាប់យ៉ាងជិតស្និត និងសង្គមជាតិ តាមរយៈការអប់រំទូន្មាន និងសកម្មភាពមនុស្សធម៌ផ្សេងៗជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រីថា បន្ទាត់ក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បើប្រៀបធៀបនឹងឆ្នាំ១៩៧៩ គឺសេដ្ឋកិច្ចរបស់ប្រទេសយើង ក្រោមសូន្យ ខ្វះខាតសព្វគ្រប់។ នេះជាលទ្ធផលនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ ជារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រនៅក្នុងការបង្កើតរាជរដ្ឋាភិបាលនេះ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងអំពាវនាវប្រជាពលរដ្ឋ ត្រូវចូលរួមការពារសុខសន្តិភាពដែលមានសព្វឲ្យនៅគង់វង្យយូរអង្វែង និងត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយ នានារបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងនូវការអរគុណដល់សប្បុរសជននានា ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី និងសមាគមនិស្សិតបញ្ញាវ័ន្តក្មេងវត្ត ដែលបានជួយឧបត្ថម្ភសម្ភារថវិកាក្នុងពិធីនេះ៕