សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាំថវិកា៤៥លានរៀល ប្រគេនជូនព្រះចៅអធិការ និងគណៈកម្មការវត្តឧត្តមសិរីរតន៍ ហៅវត្តថ្មី នៅស្រុកឈូក


ឯកឧត្តម ឃុន ស៉ីម៉ន និងលោកជំទាវ វ៉ន ចិន្តា សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកថវិកា ចំនួន៤៥លានរៀល ជាបច្ច័យបានមកពីការរៃអង្គាសពីសំណាក់ញាតិមិត្ត បងប្អូនទាំងក្នុង និងក្រៅប្រទេស យកទៅប្រគេនជូនព្រះចៅអធិការ និងគណៈកម្មាធិការវត្តឧត្ដមសិរីរតន៍ (ហៅវត្តថ្មី) ដើម្បីចូលរួមកសាង។

ការនាំបច្ច័យនេះ ធ្វើឡើងបន្ទាប់ពីឃើញការខ្វះខាតថវិកា និងការអំពាវនាវពីសំណាក់ព្រះចៅអធិការ គណៈកម្មការវត្ត ក៏ដូចជាអាជ្ញាធរស្រុកឈូក ខេត្តកំពត នូវភាពខ្វះខាតថវិកាជាវក្បឿងប្រក់ដំបូលសាលាធម្មសភា កំពុងសាងសង់មានចំនួនជាង ៦២៤ម៉ែត្រការ៉េ ក្នុងមួយការ៉េតម្លៃ ៦៦,០០០រៀល កំពុងកសាងមានការខ្វះខាតថវិកាជាច្រើន។

វត្តឧត្ដមសិរីរតន៍ (ហៅវត្តថ្មី) ស្ថិតនៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ទើបឯកឧត្តម ឃុន ស៉ីម៉ន និងលោកជំទាវ វ៉ន ចិន្តា បានធ្វើការរៃអង្គាសពីសំណាក់ បងប្អូន ញាតិ មិត្ត និងសប្បុរសជនក្នុង និងក្រៅប្រទេស ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា ចូលមគ្គុផលតាមសទ្ធាជ្រះថ្លារាងៗខ្លួន សរុបទទួលបានបច្ច័យគ្រប់ចំនួន តាមការអំពាវនាវរបស់ព្រះចៅអធិការ។

វត្តឧត្ដមសិរីរតន៍ (ហៅវត្តថ្មី) ជាទីអារាមមួយថ្មី ទើបកសាងឡើងនៅទស្សវត្ស៩០ពេលនេះ ព្រះចៅអធិការ និងគណៈកម្មាធិការវត្ត និងពុទ្ធបរិស័ទ ព្រមទាំងថ្នាក់ដឹកអាជ្ញាធរស្រុកឈូក ខេត្តកំពត កំពុងខិតខំរៀបកសាងសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងបរិវេនវត្ត និងសាលាធម្មសភាថ្មី ជំនួសសាលាធម្មសភាចាស់ដែលទ្រុតទ្រោមទៅហើយ៕