ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុលើកទី៣


លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំ ជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុលើកទី៣ រវាងប្រទេសចិន និងសិង្ហបុរី ដែលប្រព្រឹត្តិទៅនៅទីក្រុង CHONGQING ប្រទេសចិន ជាលក្ខណៈអនឡាញ ក្រោមទស្សនាទាន «ការតភ្ជាប់ទំនាក់ទំនងហិរញ្ញវត្ថុ និងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិឆ្លងដែន»។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមពីតំបន់អាស៊ាន និងតំបន់ភាគខាងលិចប្រទេសចិន ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ លើនវានុត្តន៍សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការតភ្ជាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់នេះ លោកជំទាវរី បានលើកឡើង អំពីទិដ្ឋភាពមួយចំនួន ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងប្រទេសកម្ពុជា ក៏ដូចជាសមាគមអាស៊ានជាមួយប្រទេសចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងតំបន់អាស៊ាននាពេលកន្លងមក តាមរយៈកំណើន សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
ក្នុងឱកាសនោះលោកជំទាវទេសាភិបាលរង ក៏ត្រូវបានអញ្ជើញចូលរួមជា វាគ្មិនក្នុងកិច្ច ពិភាក្សាក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល» ផងដែរ។

ក្នុងនោះលោកជំទាវបានលើកឡើងអំពីផលប្រយោជន៍ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ក្នុងសេដ្ឋកិច្ច ដែលជាកត្តារួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ជាពិសេសក្នុងអំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងឺ Covid 19 ។

ទន្ទឹមនេះលោកជំទាវ បានចែករំលែកអំពី ការអភិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ដែលរួមមាន សេវាធនាគារតាមទូរស័ព្ទចល័ត ការទូទាត់តាម QR Code ជាពិសេសការដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបាគង ដែលបានរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការទូទាត់និងផ្ទេរប្រាក់ជាអេឡិចត្រូនិក ឆ្លងគ្រឹះស្ថាននៅកម្ពុជា៕