ឯកឧត្តម អ៊ុច បូររិទ្ធ៖ អំណោយកម្ពុជាជូនទីម័រឡេស្ត ជាសក្ខីភាពបញ្ជាក់ពីមនោសញ្ចេតនាជិតស្និទ្ធ និងសាមគ្គីភាពរបស់ប្រជាជនប្រទេសទាំងពីរ


ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជូនរដ្ឋាភិបាលទីម័រឡេស្តនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីមនោសញ្ចេតនា យ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ជាមួយប្រជាជនទីម័រឡេស្ត នៅក្នុងគ្រាដ៏លំបាកនៃវិបត្តិសុខភាពពិភពលោក ដែលពុំធ្លាប់មានពីមុនមក។

តំណាងសម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីប្រគល់អំណោយជាសម្ភារបរិក្ខារពេទ្យ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្ត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់ អំណោយជាសម្ភារបរិក្ខារពេទ្យពីរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនទីម័រលេស្តជាមិត្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ អំណោយមនុស្សធម៌ដែលបានផ្តល់ជូននៅក្នុងឱកាសនេះ ជាសាក្ខីភាពបញ្ជាក់ឱ្យឃើញពីមនោសញ្ចេតនាជិតស្និទ និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ជាមួយប្រជាជនទីម័រលេស្ត នៅក្នុងគ្រាដ៏លំបាកនៃវិបត្តិសុខភាពពិភពលោកដែលពុំធ្លាប់មានពីមុនមក»

បើតាមឯកឧត្តម អ៊ុច បូររិទ្ធ, ការផ្ទុះឡើងដោយមិនបានរំពឹងទុកនៃជំងឺកូវីដ-១៩ បាននិងកំពុងពន្លឿនការវិវត្តផ្លាស់ប្តូរទិដ្ឋភាពពិភពលោក ដោយបន្ថែមភាពមិនច្បាស់លាស់ជាច្រើនចំពោះអនាគត មនុស្សជាតិ ព្រមទាំងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់សកលលោកទាំងមូល ដែលតម្រូវចាំបាច់ឲ្យមានសកម្មភាពរួម និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីជំនះលើផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។

ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងសេចក្ដីសោមនស្សរីករាយដោយកត់សម្គាល់ឃើញថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងទីម័រឡេស្ត ត្រូវបានពូនជ្រុំ និងពង្រឹងជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ចាប់ពីថ្ងៃបង្កើតទំនាក់ទំនងជាផ្លូវការ កាលពីខែកក្កដា ឆ្នាំ២០០២ ក្នុងពេលតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទីម័រឡេស្តទទួលបានឯករាជ្យភាពរបស់ខ្លួន។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ឯកឧត្តមមានជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលមានស្រាប់ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមឲ្យឈានដល់កម្រិតមួយថ្មីទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ និងជាការរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។

ជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផលដែលរដ្ឋាភិបាលទីម័រឡេស្តទទួលបាន នៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងការឆ្លើយតបទាន់ពេលវេលា តាមរយៈវិធានការសុខាភិបាល និងសេដ្ឋកិច្ច ក្នុងការគ្រប់គ្រង និងទប់ស្កាត់បានការរីករាលដាលនៃជំងឺកូវីដ-១៩ និងថែរក្សាសុខុមាលភាពប្រជាជនលោក អ៊ុច បូររិទ្ធ បានឆ្លៀតយកឱកាសនេះ បញ្ជាក់ជាថ្មីម្ដងទៀតនូវជំហរឥតងាករេរបស់កម្ពុជា ក្នុងការគាំទ្របេក្ខភាពទីម័រឡេស្ត ចូលជាសមាជិកអាស៊ាន ក្នុងពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា ជំនួយរបស់កម្ពុជាផ្តល់ជូនទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ពាន់គូ។

រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕