សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យទប់ស្កាត់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព


(ភ្នំពេញ)៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨។ ជារៀងរាល់ឆ្នាំកម្ពុជា តែងតែងប្រារព្ធពិធីអបអរសាទរទិវានេះ ដោយឆ្នាំខ្លះប្រារព្ធក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ហើយឆ្នាំខ្លះក្រោមអធិបតីភាពមន្ត្រីជាន់ខ្ពស់តំណាងសម្តេចតេជោ។

ដោយឡែកនៅឆ្នាំ២០២០នេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នោះ ទិវានេះមិនបានប្រារព្ធពិធីអបអរសាទរដូចបណ្តាឆ្នាំកន្លងទៅនោះឡើយ។ បើទោះបីមិនបានប្រារព្ធពិធីអបអរសាទរដូចឆ្នាំកន្លងទៅយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នៅតែបន្តផ្ញើសារលិខិតអបអរសាទរទិវានេះដូចឆ្នាំកន្លងទៅផងដែរ។

ក្នុងសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបានរៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិ និងក្រោមជាតិក្តី ក៏មានការចាត់តាំងឱ្យមានការចុះសួរសុខទុក្ខនៅតាមមជ្ឈមណ្ឌល និងទីតាំងរស់នៅរបស់ជនមានពិការភាពផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព។ ជាមួយគ្នានេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរួមគ្នាបន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។

សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០១៩កន្លងទៅ ជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៤០ មានជនមានពិការភាពចំនួន ២,៨៦០នាក់។ ក្នុងនោះស្ត្រីពិការចំនួន ៧៨៩នាក់ ជនពិការកម្រិតធ្ងន់ចំនួន ១,៥៥៧នាក់ បើគិតជាភាគរយ ១.៩៥%។ ដោយឡែកវិស័យឯកជន រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិដែលក្រសួងសង្គមកិច្ចបានធ្វើការសាកល្បងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ១០២អង្គភាព មានជនមានពិការភាពចូលបម្រើការងារ ចំនួន ៣,៧៩២នាក់ ស្ត្រី២,១៦២នាក់ សរុបទាំងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេស មានចំនួនជនមានពិការភាព ៦,៦៥២នាក់។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ «ខ្ញុំសូមឱ្យ មានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតបតម្រូវការទីផ្សារដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើតសារជីវកម្ម និងការចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង»។

សម្តេចតេជោ ក៏បានក្រើនរំលឹកផងដែរថា ការផ្តល់លទ្ធភាពទទួលបានការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស ជំនាញ និងវិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំដល់ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគទុនមួយដ៏មានសារៈប្រយោជន៍។ ក្រៅពីនេះការរៀបបង្កលក្ខណៈងាយស្រួល ជូនជនមានពិការភាព តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឧបករណ៍ផ្សេងៗ ការកែលំអមធ្យោបាយដឹកជញ្ជូនសាធារណៈ កែលំអមធ្យោបាយទំនាក់ទំនង ចំណេះដឹង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវរួមគ្នាអនុវត្តឱ្យខាងតែបាន។

ក្នុងឱកាសប្រារព្ធទិវាអបអរសាទរទិវាជនពិការនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៨ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធអនុវត្តន៍ ដើម្បីធានាដល់ការគាំពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពឱ្យកាន់តែប្រសើរថែមទៀត។ អនុសាសន៍ទាំង៨ចំណុចនោះរួមមាន៖

ទី១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៩-២០២៣ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយរៀបចំផែនការសកម្មភាព និងកញ្ចប់ថវិកាប្រចាំឆ្នាំតាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ។

ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយផ្តល់គ្រប់លទ្ធភាពធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួលបានសម្ភារៈ ព័ត៌មានស្តីពីការបង្ការ និងការពារជំងឺកូវីដ-១៩។

ទី៣៖ សូមបងប្អូនមានពិការភាពទាំងអស់ រក្សាវិធានសុខាភិបាល ដោយត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាសលាងដៃនឹងទឹកអាល់កុល សាប៊ូ ឬដែលឱ្យបានខ្ជាប់ខ្លួននៅតាមទីកន្លែងសាធារណៈនានា និងនៅតាមសហគមន៍។

ទី៤៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យ បំពេញមុខងារតួនាទីទទួលខុសត្រូវ ក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ទី៥៖ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវអនុវត្តប្រកប ដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។

ទី៦៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ច្បាប់ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការនិងគោលនយោបាយជាតិនានា ដើម្បីជាឧត្តមប្រយោជន៍សុខុមាលភាពដល់បងប្អូនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។

ទី៧៖ ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ប្រភេទដូចជា ការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព, ការធ្វើជម្រាល, ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ, បន្ទប់ទឹកជនមានពិការភាព, ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។ល។

ទី៨៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មានស្តីពី ការរាតត្បាត និងវិធីសាស្រ្តការពារជំងឺកូវីដ-១៩ ដើម្បីមនុស្សគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា៕