អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរក្នុងខេត្ត បិទទីតាំងអាជីវកម្មទាំងឡាយណា ដែលបំពានវិធានការការពារជំងឺកូវីដ១៩


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានណែនាំដល់អាជ្ញាធរក្នុងខេត្ត គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យមើល និងបិទទីតាំងអាជីវកម្មទាំងឡាយណា ដែលបំពានវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ១៩។

ការណែនាំនេះបានធ្វើឡើងដោយយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបញ្ជាឲ្យក្រសួង និងអាជ្ញាធរដែនដី តាមដានឱ្យបានម៉ឺងម៉ាត់ទៅលើទីតាំងអាជីវកម្មទាំងឡាយ ចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»

ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹក និងណែនាំដល់អភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តនេះ អំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយណែនាំឲ្យអភិបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវចាត់តាំងដឹកនាំកិច្ចការងារនេះដោយផ្ទាល់ក្នុងការចុះតាមដាន ត្រួតពិនិត្យជាប្រចាំ នៅតាមទីតាំងដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ ទីប្រជុំជន គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែងសាសនានានា មន្ទីរសម្រាកព្យាលបាលជំងឺ កន្លែងលក់ដូរគ្រប់ប្រភេទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង-ស្រុក ក្នុងការអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តមបន្តថា អភិបាលក្រុង-ស្រុក, មន្ទីរ-អង្គភាពជុំវិញខេត្ត, រដ្ឋបាលឃុំ-សង្កាត់ ក៏ត្រូវចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋ អំពីវិធានការអនាម័យ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាព តាមវិធានរបស់ក្រសួងសុខាភិបាល នៅតាមមន្ទីរ-អង្គភាព គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែងសាសនានានា កន្លែងផ្តល់សេវាគ្រប់ប្រភេទ ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ និងកន្លែងលក់ដូរគ្រប់ប្រភេទ។ ឯកឧត្តមបន្ថែមថា ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធានការការពារទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រួមនឹងដោយតម្រូវឱ្យពាក់មាស់ បាញ់អាល់កុល និងប្រើដែលឬសាប៊ូលាងដៃឱ្យបានញឹកញាប់។

«ក្នុងករណីរកឃើញម្ចាស់ទីតាំង មិនបានបំពេញកាតព្វកិច្ចក្នុងការអនុវត្ត ឬបំពានលើវិធានការវិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ ការរក្សាគម្លាតបុគ្គល គម្លាតសង្គម ការពាក់ម៉ាស ទាំងអ្នកលក់ និងអ្នកទិញ និងមិនបានចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត រួមនឹងវិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម នឹងផ្អាកអាជីវកម្មនោះជាបណ្តោះអាសន្ន»។ នេះបើតាមសេចក្តីណែនាំរបស់ លោក អ៊ុន ចាន់ដា។

ឯកឧត្តមអភិបាលខេត្តថែមទាំងអំពាវនាវ ដល់បុគ្គលទាំងអស់ដែលដឹងខ្លួនថាជាអ្នកប៉ះពាល់ផ្ទាល់ជាមួយ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវទៅធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាមដើម្បីតាមដាន ក៏ដូចជាធ្វើចត្តាឡីស័កផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចទម្លាក់ថវិកាជាង ១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់ សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក ស្មើ ២ម៉ឺនរៀល ក្នុងមួយថ្ងៃ។

សម្តេចក៏បានចេញសារណែនាំជាពិសេសថ្មីមួយ ដោយបានផ្តល់សិទ្ធិដល់រដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត មានសិទ្ធិបិទផ្នែកខ្លះនៃក្រសួង ឬបិទក្រសួង ក៏ដូចជាបិទសាលារៀន បិទអាហារដ្ឋាន ភោជនីយដ្ឋាន ឬទីតាំងមួយចំនួន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាផងដែរ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០៧៧២សំណាក ដែលក្នុងចំនួននេះ មានអ្នកជំងឺវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់៕