ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋក្រុងស្វាយរៀង ដើម្បីពន្យល់វិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩


ក្នុងឱកាសខួបលើកទី៩ ការបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងដោយមានការចង្អុលបង្ហាញពី លោក លេង ផាលី ប្រធានក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩ រួមជាមួយនិងការផ្តល់ជាអំណោយថ្នាំពេទ្យ ជូនដល់ប្រជាពលរដ្ឋដែលកើតជំងឺផ្សេងៗប្រចាំកាយ ហើយការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ត្រូវបានរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តដាក់យ៉ាងខ្លាំងផងដែរ។

ការបន្តចុះអប់រំជូនប្រជាពលរដ្ឋពីវិធីសាស្ត្រទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការ ជាមួយនឹងក្រុមការងារគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ស្វាយរៀងសរុបចំនួន ២៨នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀប នៃការលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជំងឺកូវីដ១៩ កំពុងតែរីករាលដាលក្នុងសហគមន៍ ដែលសម្តេចតេជោ ហៅថាព្រឹត្តិការណ៍ ២៨វិច្ឆិកា គឺដោយសារការមិនគោរពតាមវិធានការសុខាភិបាល ការអនុវត្តន៍ចត្តាឡីស័ករបស់ប្រជាពលរដ្ឋមិនត្រឹមត្រូវ ធ្វើឲ្យមានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស។ ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ប្រជាពលរដ្ឋត្រូវលាងដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ រស់នៅគម្លាតសង្គម បើមិនចាំបាច់រស់នៅក្នុងផ្ទះ។

ក្រៅពីនេះ ក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណា ឲ្យពួកគាត់ យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ ពីវិធីរស់នៅឲ្យមានអនាម័យល្អ ដែលមានគោលបំណងធំបំផុតនោះគឺ ចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាល មួយកម្រិតផងដែរ។

ក្រុមការងារគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមមាន៖ អាកុល ៥០ដបធំ, ម៉ាស ៦០០ម៉ាស, សាប៊ូចំនួន១០០ដុំ, ក្រដាស់រូបភាពផ្សព្វផ្សាយ អំពីការថែរក្សាអនាម័យ និងវិធានការការពារទប់ស្កាត់ ជំងឺកូវីដ-១៩ ចំនួន១០០សន្លឹក, ទឹកសុទ្ធ ១០០ដបព្រមទាំងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ១០ថ្ងៃ ជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ មានថ្នាំក្តៅខ្លួន ឈឺក្បាល ក្អក រាគ ឈឺក្រពះ ថ្នាំបន្តក់ភ្នែក -ល-។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា ដោយសារមានការយកចិត្តទុកដាក់ ពីសំណាក់លោកជំទាវកិត្តិសង្កិហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរាស្ត្រមណ្ឌលស្វាយរៀង សមាជិកាគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានធ្វើឲ្យការងារប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ក្នុងខេត្តស្វាយរៀ្ងង បានល្អប្រសើរ ដោយមានកោតសរសើរពីក្រសួងសុខាភិបាល និងលោកស្រីប្រធានអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា និងមិនករណីវិជ្ជមានកូវីដ១៩ នៅក្នុងខេត្តស្វាយរៀងទេ៕