លទ្ធផលធ្វើតេស្តលើកទី២របស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បង្ហាញថា «អវិជ្ជមាន»


យោងតាមការជូនដំណឹងរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឲ្យដឹងនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះថា លទ្ធផលធ្វើតេស្តលើកទី២របស់លោកបង្ហាញថា «អវិជ្ជមាន»។

ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ បានជូនដំណឹងថា៖ «ខ្ញុំសូមជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាបថា៖ យោងតាមព័ត៌មានដែលខ្ញុំទទួលបានពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី២ របស់ខ្ញុំនៅថ្ងៃនេះ (ថ្ងៃទី៧ ខែធ្នូ) គឺអវិជ្ជមានជំងឺកូវីដ-១៩។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវនៅបន្តរស់នៅដោយឡែកតាមវិធានចត្តាឡីស័ក និងបន្តធ្វើតេស្តតាមការកំណត់របស់ក្រសួងសុខាភិបាល ជាបន្តទៀត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវជាថ្មីដល់អ្នកដែលមានការពាក់ព័ន្ធក្នុងទំនាក់ទំនងជាមួយខ្ញុំ ទាំងដោយផ្ទាល់ ទាំងដោយប្រយោល សូមបន្តធ្វើចត្តាឡីស័ក និងអនុវត្តវិធានសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរួមគ្នាការពារក្រុមគ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង ពីការឆ្លងនៃជំងឺកូវីដ-១៩។

ខ្ញុំសូមសម្តែងនូវមូលវិចារដ៏ថ្លៃថ្លា និងការអរគុណដ៏ជ្រាលជ្រៅជូនចំពោះសហការីទាំងអស់ ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយ ដែលបានសម្តែងក្តីបារម្ភចំពោះសុខភាពរបស់ខ្ញុំ , បានសួរសុខទុក្ខ ក៏ដូចជាផ្ញើសារជូនពរដល់ខ្ញុំ ក្នុងរយៈពេលដែលខ្ញុំធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា កន្លងមក។

សូមជូនពរសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា! សូមអរគុណ!