អូស្ត្រាលីគ្រោងផ្តល់ជំនួយឥតសំណង ៨៥លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ច-សង្គមពីវិបត្តិជំងឺកូវីដ១៩


(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ៨៥លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ច សង្គមកម្ពុជា ពីវិបត្តិជំងីកូវីដ១៩។

សេចក្តីប្រកាសព័ត៌មានរួម រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ស្តីពីការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តផែនការអភិវឌ្ឍន៍ សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ១៩ ដែលចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូនេះ បានបញ្ជាក់ថា គម្រោងផ្តល់ហិរញ្ញប្បទាន ៨៥លានដុល្លារនេះ ជាការផ្តល់បន្ថែម លើហិរញ្ញប្បទានប្រមាណ ១៧០លានដុល្លារអាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើ សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥លានដុល្លារអាមេរិក ដែលអូស្ត្រាលី បានប្តេជ្ញាផ្តល់សម្រាប់ចែកចាយវ៉ាក់សាំង ជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៉ីហ្វិក។

ថ្លែងក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តន៍ ផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ១៩ នៅកម្ពុជា ឯកឧត្តម ផាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង៣ គឺការធានាសន្តិសុខផ្នែកសុខាភិបាល ស្ថិរភាពសង្គម និងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច ដើម្បីជួយកម្ពុជា ពីវិបត្តិជំងឺកូវីដ១៩។

ឯកឧត្តមបន្តថា ចង្កោមសកម្មភាពទាំងនោះ រួមមាន៖ ការធ្វើឲ្យប្រសើរឡើងគុណភាព និងភាពងាយស្រួលក្នុងការទទួល បានសេវាសុខាភិបាលតាមមន្ទីរពេទ្យ ការលើកកម្ពស់យេនឌ័រ និងពិការភាព, ការជំរុញផលិតកម្មស្បៀង ការគាំទ្រដល់ការផ្លាស់ប្តូរប្រភពថាមពល និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩។

ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការ និតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា ថ្លែងថា អូស្ត្រាលីគឺជាដៃគូអភិវឌ្ឍន៍បុរេសកម្មមួយ ដែលបានចាត់វិធានការតាំងពីដើមដំបូង ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការជួយរបស់អូស្ត្រាលី ពិសេសសកម្មភាពអាទិភាព ដែលផ្តោតលើវិស័យសំខាន់ទាំង៣ ដែលមានសង្គតិភាពជាមយយនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩៕