បំណែកព្រះបរមអដិ្ឋ ព្រះបរមរតនកោដ្ឋ ត្រូវបានយាងចេញពីកុដិ ទៅគង់ប្រថាប់នៅព្រះវិហាវត្តលង្កា ដើម្បីឱ្យសាធារណជនចូលគោរពបូជា


បំណែកព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ ត្រូវបានរាជានុញ្ញាតយាងចេញពីកុដិ សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុមារាម ទៅគង់ប្រថាប់នៅព្រះវិហារវិញ ដើម្បីបើកជូនសាធារណជនចូល ក្រាបថ្វាយបង្គំគោរពបូជា។

សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុមារាម មានសង្ឃដីកាប្រាប់អង្គភាពព័ត៌មាន  នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ព្រះអដ្ឋិ ព្រះបរមរតនកោដ្ឋ គ្រោងនឹងរៀបចំពិធីដង្ហែនៅចុងខែធ្នូ នេះ។

សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល បានឱ្យដឹងថា ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ដែលយាងចេញទៅគង់ប្រថាប់ នៅលើព្រះវិហារនេះ គឺជាបំណែកព្រះបរមអដ្ឋិ ដែលព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការា រាជានុញ្ញាតប្រគេនដល់ព្រះអង្គ ដើម្បីរៀបចំគង់ប្រថាប់ក្នុងព្រះកោដ្ឋថ្មកែវ ក្នុងកុដិ ដើម្បីបានគោរពបូជា និងសូត្រថ្វាយមហាព្រះរាជកុសលជាប្រចាំរៀងរាល់ថ្ងៃឧបោសថសីល។

សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល មានសង្ឃដីកាបន្តថា ដោយសារព្រះអង្គ មានបំណងចង់ផ្សព្វផ្សាយ និងបើកទូលាយជូនមហាជនគ្រប់ស្រទាប់វណ្ណ មានឱកាសចូលក្រាបថ្វាយបង្គំ ព្រះបរមអដ្ឋិ ដែលកំពុងគង់ប្រថាប់នៅក្នុងវត្តលង្កា ទើបព្រះអង្គយាងចេញពីកុដិ ទៅតម្កល់នៅព្រះមហាបុស្បុកក្នុងព្រះវិហារវិញ។

ព្រះមហាក្សត្រី បានរាជានុញ្ញាតតាមការទូលថ្វាយរបស់ សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល រួចហើយ។
ក្រៅតែពីការរាជានុញ្ញាតឱ្យដង្ហែព្រះបរមអដ្ឋិ ទៅគង់ប្រថាប់នៅក្នុងព្រះវិហារវត្តលង្កាហើយនោះ សម្តេចព្រះមហាក្សត្រី ទ្រង់សព្វព្រះរាជហឫទ័យចាប់ព្រះរាជកុសលនូវបច្ច័យ ៥ពាន់ដុល្លារផងដែរ ដើម្បីកសាងព្រះបរមបុស្បុកថ្មី សម្រាប់តម្កល់ព្រះបរមអដ្ឋិ។

សូមបញ្ជាក់ថា សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ទ្រង់យាងសោយទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវង្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។

ក្រោយយាងសោយទិវង្គត ព្រះបរមអដ្ឋិរបស់ព្រះអង្គ ត្រូវបានរៀបចំដាក់ឱ្យគង់ប្រថាប់នៅព្រះទីនាំងព្រះទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បានសព្វព្រះហឫទ័យ ប្រោសប្រទានព្រះបរមអដ្ឋិមួយចំណែក ទៅសម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ដើម្បីគោរពបូជា និងសូត្រមន្តថ្វាយព្រះរាជកុសលរាល់ថ្ងៃឧបោសថសីលផងដែរ៕