ឯកឧត្តម ជា ចាន់តូ ចុះត្រួតពិនិត្យដោយផ្ទាល់នៃ ការប្រឡងវគ្គ FSI Connect លើកទី៣៤


ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងលើកទី៣៤ តាមប្រព័ន្ធអនឡាញ សម្រាប់វគ្គ FSI Connect ដោយមានការត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

សិក្ខាកាមចូលរួមក្នុងការប្រឡងនេះមានចំនួន៨៥រូប ដែលក្នុងនោះមានមន្ត្រីចំនួន១២រូប បានបញ្ចប់កម្រិតខ្ពស់ មន្ត្រីចំនួន៥រូប បានបញ្ចប់កម្រិតមធ្យម និង៦រូបបញ្ចប់កម្រិតបឋម។

វគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement – BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ហើយមានធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០ នៅលើពិភពលោក។

សូមបញ្ជាក់ថា វគ្គសិក្សា NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម ជា ចាន់តូ ក្នុងគោលបំណង ដើម្បីធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើននៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន៕