ក្រសួងកិច្ចការនារី រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានា របស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី តាមរយៈប្រព័ន្ធវីដេអូ


(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានា របស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី តាមរយៈប្រព័ន្ធវីដេអូ ខណៈពេលដែលប្រទេសកម្ពុជា ទទួលតំណែងជាប្រធានគណៈកម្មាការអាស៊ាន ស្ដីពីស្រ្តីចាប់ពីចុងខែធ្នូ ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីប្រទេសប្រ៊ុយណេដារ៉ូសាឡឹម បានផុតអាណិត្តនៅក្នុងឆ្នាំ២០២០។

កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្រោមប្រធានបទ «ការជំរុញឲ្យមានស្រ្តីជាថ្នាក់ដឹកនាំ និងការចូលរួមរបស់ស្រ្តីលើឆាកនយោបាយ» នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងកិច្ចការនារី និងជាប្រធានរបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី។

កិច្ចប្រជុំប្រចាំឆ្នាំ បានពិភាក្សាយ៉ាងស៊ីជម្រៅ ទៅលើសេចក្ដីព្រាងផែនការសកម្មភាពថ្មី របស់គណៈកម្មាការអាស៊ានស្ដីពីស្រ្តី ឆ្នាំ២០២១-២០២៥ ដើម្បីដាក់ជូន រដ្ឋមន្រ្តីស្រ្តីអាស៊ាន ដើម្បីពិនិត្យ និងសម្រេចនៅត្រីមាសទី១ ឆ្នាំ២០២១។

កិច្ចប្រជុំបានឯកភាព លើការដាក់ចេញនូវឯកសារសំខាន់ៗមួយចំនួន ក្នុងការអនុវត្តនិងធានាថាយេនឌ័រ ត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងសកម្មភាពរបស់ គណៈកម្មាការអាស៊ានដើម្បីស្រ្តី គណៈកម្មាធិការអាស៊ានក្នុងការលើកកម្ពស់ និងការការពារសិទ្ធដល់ស្រ្តី និងកុមារ ស្ថាប័នអន្តរវិស័យអាស៊ាន ក៏ដូចជាការចូលរួម ពីសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធស្រ្តី និងក្មេងស្រី។

ស្របពេលក្នុងកិច្ចប្រជុំគណៈកម្មាការអាស៊ានដើម្បីស្រ្តីនេះផងដែរ វត្តមានរបស់អាស៊ានបូកបី ប្រទេសចិន ជប៉ុន និងកូរ៉េ ក៏បានចូលរួមក្នុងកិច្ចប្រជុំលើកទី១២ របស់គណៈកម្មាការអាស៊ាន ដើម្បីស្រ្តីបូកបី តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងនោះ សិក្ខាសាលាចំនួន២ បានរៀបចំឡើង រួមមាន៖

១៖ សិក្ខាសាលា ស្ដីពី ការជំរុញឲ្យមានស្រ្តីជាថ្នាក់ដឹកនាំ និងការចូលរួមលើឆាកនយោបាយ នៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងទទួលបានធាតុចូលលើ ភាពជោគជ័យ និងបញ្ហាប្រឈមរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងនយោបាយ ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។

២៖ វេទិកាពិភាក្សា ស្ដីពី សេចក្ដីកំណត់នៃការងារគ្មានប្រាក់កម្រៃ និងការងារផ្ទះ ក្នុងគោលបំណងជម្រុញអោយមានការផ្លាស់ប្តូរការយល់ដឹងនិងពិភាក្សាពីសារៈសំខាន់ នៃការដោះស្រាយពីបញ្ហា ការងារគ្មានប្រាក់កម្រៃ និងការងារផ្ទះ ជាការរួមចំណែកក្នុងការពង្រឹងការ ផ្តល់អំណាចសេដ្ឋកិច្ចដល់ស្រ្តី ក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានា របស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី គឺជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់កិច្ចសន្ទនា របស់អាស៊ាន ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តការងារ និងកំណត់ទិសដៅ បន្តដែលអាចឆ្លើយតបនឹងផែនការសកម្មភាពប្រាំឆ្នាំរបស់ខ្លួន ក៏ដូចជាអាចសម្រេចឲ្យបាននូវសមភាពយេនឌ័រ និងកិច្ចការពារសិទ្ធិស្រ្តី នៅក្នុងតំបន់អាស៊ានទាំងមូល៕