ប្រសាសន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន


ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅអនុវត្តន៍ការងារត្រីមាសទី២ ឆ្នាំ២០១៧ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបានស្នាដៃធំៗជាច្រើន ជូនប្រទេសជាតិ។
ក្នុងទិសដៅអនុវត្តការងារបន្ត បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការកសាង ពង្រឹងប្រៀបការពារជាតិឱ្យបានរឹងមាំលើគ្រប់វិស័យ។ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា ការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព រក្សាស្ថិរភាពសណ្តាប់ធ្នាប់សង្គម និងការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ។ បន្តពង្រឹងការងារអប់រំចិត្តសាស្ត្រ និងពង្រឹងអនក្ខរកម្មប្រព័ន្ធព័ត៌មានវិទ្យា។ បន្តយកចិត្តទុកដាក់ថែទាំកងទ័ព ទាំងការថែទាំសុខភាព ការងារចិញ្ចឹមទ័ព ជំរុញការកសាងសមត្ថភាពកងឯកភាព ជាពិសេសបណ្តាកងឯកភាព ដែលបំពេញភារកិច្ចនៅតាមព្រំដែន ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងបុព្វហេតុនៃកិច្ចការពារជាតិ។ ការងារហ្វឹកហ្វឺន ត្រូវរៀបចំជាប្រព័ន្ធ មានសុក្រឹតភាព និងមានលក្ខណៈជាយុទ្ធសាស្រ្តយូរអង្វែងទៅតាមបណ្តាថ្នាក់ បណ្តាជំនាញនិងប្រភេទទ័ព ដើម្បីឱ្យការបណ្តុះបណ្តាល ទទួលបានធនធានមនុស្សពិត។ ខិតខំសហការក្នុងការលើកកម្ពស់កម្រិត ជីវភាព និងកិត្តិយសរបស់យោធាចារ្យ។ កងវិស្វកម្ម ត្រូវខិតខំសហការកសាង និងជួសជុលបណ្តាញគមនាគមន៍តភ្ជាប់ក្នុងបុព្វហេតុនៃកិច្ចការពារអធិបតេយ្យភាពជាតិនៃមាតុភូមិ។ បន្តពង្រឹងទំនាក់ទំនងល្អជាមួយកងកម្លាំងប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី សំដៅកសាងព្រំដែនឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍៕