កំពង់ចាម ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សប្បុរសជននានាក្នុងខេត្ត បាននាំយកថវិកាមកប្រគល់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដើម្បីបរិច្ចាគជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សប្បុរសជនដែលបាននាំថវិកាជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត រួមមាន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បាននាំនូវទឹកប្រាក់ចំនួន ១១.២៥០.០០០៛ (ដប់មួយលានម្ភៃប្រាំម៉ឺនរៀល) ជាថវិការបស់ សប្បុសជននៃថ្នាក់ដឹកនាំ និងមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។ លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាល ស្រុកកងមាស បាននាំនូវថវិការចំនួន ១១.០០០.០០០៛ (ដប់មួយលានរៀលគត់)។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈ កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានថ្លែងថា ក្នុងនាមជាអភិបាលខេត្ត ខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធាន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕