ឯកឧត្តម អ៊ុន ចាន់ដា ទទួល​ថវិកា​ពី​សប្បុរសជនក្នុងខេត្ត ក្នុងការចូលរួមទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជាមួយរាជរដ្ឋាភិបាល


កំពង់ចាម ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០  ដើម្បី​រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ សប្បុរសជននានាក្នុងខេត្ត បាននាំយកថវិកាមកប្រគល់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដើម្បី​បរិច្ចាគ​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សប្បុរសជនដែលបាននាំថវិកាជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត រួមមាន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បាននាំនូវទឹកប្រាក់ចំនួន ១១.២៥០.០០០៛ (ដប់មួយលានម្ភៃប្រាំម៉ឺនរៀល)  ជាថវិការបស់ សប្បុសជននៃថ្នាក់ដឹកនាំ និងមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។ លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាល ស្រុកកងមាស បាននាំនូវថវិការចំនួន ១១.០០០.០០០៛ (ដប់មួយលានរៀលគត់)។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈ កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានថ្លែងថា ក្នុងនាមជាអភិបាលខេត្ត ខ្ញុំពិតជាមាន​សេចក្ដីរំភើប​រីករាយ​ឥតឧបមា និង​សូម​ថ្លែងអំណរគុណចំពោះ​សប្បុរសជនទាំងអស់ដែល​បាន​បរិច្ចាគ​នូវ​ធនធាន និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​សម្ភារ​សម្រាប់ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​៕