ក្រុមភ្នាក់ងារអនាម័យ រដ្ឋបាលខណ្ឌមានជ័យ ទទួលអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមខណ្ឌ


អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ ឯកឧត្តម ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ចំនួន ១៤គ្រួសារ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឌី រ័ត្នខេមរុណ បានថ្លែងអំណរគុណដល់ភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ ក្នុងការខិតខំប្រឹងប្រែង ប្រមូលសំរាមនៅតាមមូលដ្ឋានសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ដើម្បីកុំឲ្យមានការកកស្ទះសំរាម ទៅតាមកន្លែងស្តុក និងទុកដាក់សំរាមនានា នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧។

យ៉ាងណាមិញ លោកបានសំណូមពរភ្នាក់ងារអនាម័យ តាមសង្កាត់ទាំង៧ កុំរុញរា និងបន្តនូវសកម្មភាព ប្រមូលសំរាម ដើម្បីឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អ អនាម័យល្អ ទីក្រុងស្អាត និងមិនឲ្យមានការកកស្ទះនូវសំរាម ក្នុងមូលដ្ឋានខណ្ឌមានជ័យ។

ក្នុងនោះដែរ ឯកឧត្តម ឌី រ័ត្នខេមរុណ បានលើកឡើងទៀតថា អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នឹងជួបសំណេះសំណាលជាមួយ ភ្នាក់ងារអនាម័យជារៀងរាល់ខែម្តង ហើយនេះជាលើកទី២ហើយ ដែលអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ជួបសំណេះស់ំណាលជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌ។

បន្ទាប់មក ឯកឧត្តមប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក៏ដូចជាក្នុងរាជធានីភ្នំពេញទាំងមូល ធ្វើការវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារអនាម័យសម្អាត និងប្រមូល ទៅតាមទីកន្លែងដែលបងប្អូនទុកដាក់ សំរាមនេះផងដែរ។

ក្នុងពិធីសំណេះសំណាលនេះដែរ ប្រធានអនុសាខាខណ្ឌមានជ័យ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១បាវ ស្មើ២០គីឡូក្រាម, មី ១កេស, ទឹកត្រី ២ដប, ទឹកស៊ីអ៉ីវ ២ដប, ទឹកសុទ្ធ ១យួរ, ស្ករស ១គីឡូ, ត្រី ខ ២កំប៉ុង, តែ ៥ កញ្ចប់ រួមទាំងថវិកា ២ម៉ឺនរៀលក្នុងម្នាក់ផងដែរ៕