សម្ដេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ចិកា» ដោយជោគជ័យ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយបណ្ដាញទំនាក់ទំនងជាមួយព្រឹត្តិការណ៍នេះ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។

ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ពីគេហដ្ឋានស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រោយរកមិនឃើញអ្នកមានជំងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃជាប់ៗគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ ដើម្បីប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២៨វិច្ចិកា គាប់ជួនថ្ងៃនេះជាខួបលើកទី២២ នៃថ្ងៃបញ្ចប់សង្គ្រាមនាំមកនូវសន្ដិភាព ការឯកភាពជាតិទាំងស្រុង ហើយក៏គាប់ជាមួយថ្ងៃ១៥កើត ខែបុស្សផងដែរ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា មូលហេតុ៣សំខាន់ៗ ដែលនាំរាជរដ្ឋាភិបាលសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍នេះ។ ដោយក្នុងនោះ ស្ថានការណ៍អាចគ្រប់គ្រង់បានហើយសម្រាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ចិកា ដោយមិនមានរកឃើញអ្នកមានជំងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃ ហើយមកដល់ពេលនេះ បានព្យាបាលជាសះស្បើយ ចំនួន៣៧នាក់ ក្នុងចំណោមកើតជំងឺនេះមានចំនួន៤១នាក់។

ក្រៅពីនេះអ្នកដែលត្រូវយកសំណាក គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅសល់ត្រឹមតែ៨នាក់ប៉ុណ្ណោះ ដូច្នេះពុំមានសេសសល់បន្ដទៀតជាមួយករណីសង្ស័យនោះទេ។ សម្ដេចបន្ដថា បន្ទាប់ពីគ្រប់គ្រងបានហើយ ត្រូវទុករយៈពេលពីថ្ងៃទី១៥ ខែវិច្ចិកា រហូតមកដល់ពេលនេះ ស្វះស្វែងរុករកគ្រប់ច្រកល្ហក់ពុំមានការសង្ស័យណាបន្ថែមទៀតទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សម្ដែងនូវការកោតសរសើរ និងអរគុណដល់ក្រសួងសុខាភិបាល គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ សម្ដេចក៏បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ រួមមាន អង្គការសុខភាពពិភពលោក, វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, CDC របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើការជាមួយកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការខិតខំរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច បានទប់ស្កាត់ទាន់ពេលវេលា ហើយក៏មិនមានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩នោះដែរ។

ជាមួយនឹងជោគជ័យនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្ដបង្កើនការប្រុងប្រយ័ត្ន ពិសេសអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះការបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ដោយជោគជ័យនេះ ប៉ុន្ដែមិនមែនមានន័យថា បិទមិនឲ្យឆ្លងជំងឺកូវីដ-១៩នោះទេ។

សូមជម្រាបថា ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ដែលជាការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូងរបស់កម្ពុជា មានអ្នកឆ្លងសរុបចំនួន៤១នាក់ ហើយត្រូវបានព្យាបាលជាសះស្បើយចំនួន៣៧នាក់ ពោលនៅសល់តែ៤នាក់ទៀតតែប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕