សម្ដេចតេជោ ហ៊ុន សែន៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ជាតួអង្គដ៏សំខាន់នៅក្នុងនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាតួអង្គដ៏សំខាន់ម្នាក់ ឬហៅថាជាតួអង្គម្នាក់បន្ទាប់ពីសម្តេច នៅក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួម និងបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

ជាក់ស្តែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ គឺពិតជារយៈពេលគខួបគម្រប់២២ឆ្នាំ នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ការបង្រួមបង្រួមជាតិ និងការឯកភាពទឹកដី។ កម្ពុជាពុំដែលធ្លាប់កើតមានក្នុងរយៈពេលជាង៥០០ឆ្នាំ នៃប្រវត្តិសាស្រ្តបែកបាក់ជាតិ និងសង្រ្គាមផ្ទៃក្នុង។

ជារួមនយោបាយយឈ្នះ-ឈ្នះ គឺជាឱសថទិព្វ បង្កើតបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍដែលបានបង្កើតឱ្យមានកាលានុវត្តិភាពថ្មីមួយ សម្រាប់រដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញជាលើកដំបូងនូវនយោបាយយុទ្ធសាស្រ្តត្រីកោណ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងអាណត្តិទី២ នៃរដ្ឋសភា ហើយក៏បានបន្តពង្រីកនូវគោលនយោបាយ និងកម្មវិធីនយោបាយអភិវឌ្ឍជាតិរឹងមាំមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្រ្តចតុកោណជាបន្តបន្ទាប់រហូតមក។ ដូច្នេះ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា នៅថ្ងៃនេះ។

ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នាភូមិគ្រឹះរបស់សម្តេចចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

មគ្គក៏ទេសឯកដ៏ឆ្នើមដែលនាំសុខសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងជារួមមកថ្ងៃនេះជាខួបនៃការដែលយើងរួចផុតពីសង្គ្រាម រួចផុតពីសេចក្តីសម្លាប់ រួចផុតពីការភ័យខ្លាច មកបង្កើតបន្ថែមបាននូវសមិទ្ធផលថ្មីមួយ ដែលខ្ញុំអត់ឱ្យអ្នកណាដឹងទេណា អញ្ចឹងកត្តាសន្តិភាពនាំមកនូវការអភិវឌ្ឍ ដោយរួមទាំងសមិទ្ធផលថ្មីៗ នៅថ្ងៃនេះតំណក់ប្រេងលើដំបូង […] ហើយសុំបញ្ជាក់ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាអ្នកដឹកនាំដ៏សំខាន់មួយ គេហៅថាតួរងបន្ទាប់ពី ហ៊ុន សែន និយាយឱ្យជាក់លាក់ បន្ទាប់ពី ហ៊ុន សែន ទៅគឺ ទៀ បាញ់ នៅក្នុងប្រតិបត្តិការនយោបាយឈ្នះឈ្នះនេះ»

ជាមួយនឹងសមិទ្ធផលថ្មី ដែលទទួលបានពីនយោបាយឈ្នះឈ្នះនេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សូមយកតំណក់ប្រេងពីលោករដ្ឋមន្ត្រី ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទៅរក្សាទុកនៅវិមានឈ្នះឈ្នះ ការលើកឡើងបែបនេះ គឺដោយសារតែកត្តានយោបាយឈ្នះឈ្នះ នេះហើយទើបទុកឱកាសឱ្យកម្ពុជា បូមតំណក់ប្រេងលើលដំបូងរបស់ខ្លួនបាននាឱកាសនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការដែលសម្តេចកំណត់យកថ្ងៃទី២៩ ខែធ្ន ឆ្នាំ២០២០នេះ ចំថ្ងៃខួបលើកទី២២ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដោយសារតែបើមិនការបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិទេនោះ គឺគ្មានទេនូវព្រឹត្តិការណ៍ដំណក់ប្រេងលើកដំបូង លើកទឹកដីអង្គររបស់យើង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា «សមិទ្ធផលសន្តិភាពដែលកើតចេញ ពីនយោបាយឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ បាននាំមកនូវសមិទ្ធផលថ្មីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា គឺដំណក់ប្រេងជាងលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០»

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់យ៉ាងច្បាស់ៗថា តំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ៕