កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី


នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ដើម្បីពិនិត្យ សកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តរតនគិរី កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានអង្គភាពការិយាល័យចំណុះសាលាខេត្តមួយចំនួនទៀតផងដែរ ។

កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី មានរបៀបវារៈចំនួន៥ ដើម្បីលើក​យកមកពិនិត្យ និងពិភាក្សា រួមមាន៖

១- ការពិនិត្យរបៀវារៈ

២-ពិនិត្យ និងអនុម័ត លើសេចក្តី​ព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

៣-ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត

៤- សេចក្តី​រាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
៥-បញ្ហាផ្សេងៗ ។

មានប្រសាសន៍បើកកិច្ចប្រជុំនេះ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ណែនាំ ដល់រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើខ្ពស់លើបញ្ហាភូមិ ឃុំមានសុវត្ថិភាព នៅគ្រប់មូលដ្ឋានឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ -បន្តយកចិត្តទុកដាក់ ទប់ស្កាត់ បង្រ្កាប បទល្មើសគ្រឿងញៀន ក្មេងទំនើង -ខិតខំបន្តរឹតបន្តឹង ច្បាប់ចរាចរណ៍ ដើម្បីបង្ការ និងចៀសវាង នៅបញ្ហាគ្រោះថ្នាក់ផ្សេងៗ -បន្តយក​ចិត្តទុកដាក់ ក្នុងការបម្រើ និងផ្ដល់សេវា ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ជាពិសេសជាងគេ​នោះគឺបញ្ហា​ជំងឺកូវីដ-១៩ ។

មានប្រសាសន៍ក្នុងឪកាសនោះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានណែនាំដល់មន្ទីរសុខាភិបាល​ខេត្តត្រូវយកចិត្តទុកដាក់លើបញ្ហាពលករចំណាកស្រុក ជាពិសេសពលករមកពីប្រទេសថៃត្រូវឱ្យមកធ្វើចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវនិងជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរីករាលដាលជំងឺកូវីដ១៩ ដល់សហគមន៍ហើយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល​អោយ​បានខ្ជាប់ខ្ជួន ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងយកចិត្តទុកដាក់ ក្នុងការ​បម្រើប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា និងសូមឲ្យចូលរួមខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕