ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្សុី អញ្ជើញចូលក្នុងពិធីសូត្រមន្ត រាប់បាត្រ ថ្ងៃបុណ្យឆ្លង មាឃបូជា នៅទីអារាមវត្តមង្គលវ័ន ហៅស្វាយដង្គុំ រាជធានីភ្នំពេញ


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្សុី លោកយាយឧបាសិកា ពេន យុត ព្រះសង្ឃគ្រប់ព្រះអង្គ​ សិស្សនិស្សិត​ និងអាចារ្យ​ គណៈកមមការ​ ព្រមទាំងសីលវតីទាំងអស់នៃវត្តមង្គលវ័ន ហៅស្វាយដង្គុំ សូមចូលរួមត្រេកអរ​ និងរីករាយជ្រះថ្លាចំពោះឧបាសិកា ពេន យុត កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ និងជាប្រធានសីលវតី វត្តមង្គលវ័ន​ ហៅស្វាយដង្គុំ ព្រមទាំងក្រុមគ្រួសារ រួមជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ជិតឆ្ងាយ បានអញ្ជើញចូលក្នុងពិធីសូត្រមន្ត រាប់បាត្រ ថ្ងៃបុណ្យឆ្លង មាឃបូជា នៅទីអារាមវត្តមង្គលវ័ន ហៅស្វាយដង្គុំ រាជធានីភ្នំពេញ ថ្ងៃសុក្រ ៣រោច ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី​២៩ ខែមករា​ ឆ្នាំ២០២១។

បុណ្យមាឃបូជា​ គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា​ដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង​ កាលព្រះអង្គទ្រង់នៅមានព្រះជន្មាយុ និងដើម្បីប្រារឰរំឭកដល់ព្រឹត្តិការណ៍ធំៗដូចជា៖
– រំឭកដល់ថ្ងៃប្រជុំចតុរង្គសន្និបាត (ប្រកបដោយអង្គ៤)​ នៃព្រះភិក្ខុសង្ឃទាំង១២៥០អង្គ នាថ្ងៃ១៥កើត ខែមាឃ។
– រំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានដាក់អាយុសង្ខារ។
– រំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនូវឱវាទបាតិមោក្ខ។
– រំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់តែងតាំងព្រះអគ្គសាវ័កឆ្វេងស្ដាំ។