ឯកឧត្តម ហ៊ុន ម៉ានី បញ្ជក់ថា កម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងបរិបទសេដ្ឋកិច្ច និងសង្គម


នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា កម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងបរិបទសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តម បានសង្កត់ធ្ងន់ថា លើសពីនេះទៅទៀតនោះ កម្ពុជារឹតតែមានសមត្ថភាពបន្ថែម ដើម្បីបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនទូទាំងប្រទេស ហើយកម្ពុជាក៏កំពុងបន្តចរចាក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រជាជនផងដែរ។

ឯកឧត្តមប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា បានបញ្ជាក់បន្ថែមថា អ្វិដែលសំខាន់នោះគឺ ភាពជោគជ័យដែលកម្ពុជា ទទួលបានទាំងនេះ គឺស្តែងចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប៕