អភិបាលខេត្តព្រះវិហារ បិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈ កងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០២១


នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅចុងសប្ដាហ៍ នៃចុងខែមករា ឆ្នាំ២០២១ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈ កងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០២១ ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា គោលបំណងនៃការហ្វឹកហ្វឺននេះ គឺដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែមអំពីតួនាទី ភារកិច្ច លើការបំពេញបេសកកម្ម ទាំងចំណេះដឹង ចំណេះធ្វើលើមុខវិជ្ជាយោធា និងមុខវិជ្ជាជំនាញអាវុធហត្ថ ធ្វើឱ្យនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ មានវិន័យ ក្រមសីលធម៌ គុណធម៌ មានមនសិ ការការងារ និងអត្តចរិតស្លូតបូត ។

លោកមេបញ្ជាការបន្តថា លទ្ធផលនៃវគ្គហ្វឹកហ្វឺនដែលសម្រេចបានដោយជោគជ័យនាពេលនេះ ក៏ដោយសារមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារដែលតែងតែរម្លឹក ដាស់តឿន ជំរុញលើការងារហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើឱ្យកងកម្លាំងមានសមត្ថភាពក្នុងការដឹកនាំ បញ្ជា អនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅមូលដ្ឋាន ឱ្យត្រៀមខ្លួនជានិច្ចដើម្បីប្រឆាំងជាមួយពួកឧទ្ទាមក្រៅច្បាប់ ដែលតែងតែប៉ុនប៉ងបង្កចលាចល បំផ្លាញសុខសន្តិភាពជាច្រើនលើកច្រើនសារ នៅក្នុងប្រទេសកម្ពុជាយើង។ឯកឧត្ត មបន្តថា ប្រទេសយើងមានសន្តិភាព គឺកើតចេញពីការបូជាជីវិតសាច់ស្រស់ ឈាមស្រស់ របស់វីរភាពកងកម្លាំងយើង នាំប្រទេសជាតិយើងឆ្ពោះទៅរកការអភិវឌ្ឍ បានរីកចម្រើនលើគ្រប់វិស័យ។ ហេតុដូច្នេះក្នុងនាមកងយោធពលខេមរភូមិន្ទ ក្នុងនាមកុលបុត្រកុលធីតារបស់ប្រជាជនខ្មែរ ដាច់ខាតត្រូវតែប្តេជ្ញា ការពារ ថែរក្សា នូវសុខសន្តិភាពនេះឱ្យបានគង់វង្ស ។

ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរចំពោះលោកឧត្ត មសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ យោធាចារ្យ នាយទាហាន នាយទាហានរងជាសិក្ខាកាមទាំងអស់ ដែលបានដឹកនាំ រៀបចំ និងចូលរួមរៀនសូត្រក្នុងវគ្គហ្វឹកហ្វឺននេះ អស់រយៈពេល២៩ថ្ងៃ ដោយរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ទទួលបានជោគជ័យ និងលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមបានជំរុញសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបាននាពេលនេះ ទៅអនុវត្តន៍ការងារស្នូលរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពមួយកម្រិតថែមទៀត ៕