ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាន


កាលពីព្រឹកថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៧ នេះ នៅវត្តកៀនជ្រៃ ភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៨០០នាក់។
សូមបញ្ចាក់ថា វេទិកានេះគឺមាន
គោលបំណងដើម្បីត្រួតពិនិត្យ និងតាមដាននូវរាល់បញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយ និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានអោយកាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរលោកតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយយកចិត្តទុកដាក់ខ្ពស់។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តី បានលើកទ្បើងពីការវិវឌ្ឍន៍នៃសង្គមសេដ្ឋកិច្ច និងផែនការអភិវឌ្ឍន៍នានា ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់បណ្តាញអគ្គីសនី។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីមូលហេតុនៃចលនាពលករចំណាកស្រុក និងកត្តាទីផ្សារកសិផលផងដែរ។
នៅក្នុងឱកាសវេទិកានេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាប្រឈម ដូចជា បញ្ហាខូចខាតផ្លូវលំ ខ្វះខាតប្រព័ន្ធទឹក និងអគ្គិសនី បញ្ហដីធ្លី និងទំនប់ទឹក។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយផ្តល់ជូន ការជួសជុលផ្លូវដែលរងការខូចខាតនៅក្នុងឃុំ និងការតបណ្តាញអគ្គិសនី ហើយចាត់អោយក្រុមការងារបន្តចាត់វិធាន និងតាមដានចំពោះការអនុវត្តសំណើទាំងអស់។