លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅក្នុងនៅវត្តសន្តិភាព ហៅវត្តខ្លាហើរ


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅក្នុងនៅវត្តសន្តិភាព (ហៅវត្តខ្លាហើរ) ដែលស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ។
ឆ្លៀងក្នុងឱកាសនោះលោកជំទាវក៏មានប្រសាសន៍បញ្ជាក់ថា ៖ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនផងដែរ ។ ការរីកចម្រើនទាំងនេះដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ។ សុខសន្តិភាពទាំងនេះជាតម្លៃដែលបានផ្តល់ឲ្យយើងមានឱកាសបញ្ជូនកូនចៅទៅរៀនសូត្រចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធា ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិក៏មានការរីចំរើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវជាតិគ្រប់តំបន់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។
លោកជំទាវក៏សំណូំពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្ត និងបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងសេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជៀសផុតពីគ្រឿងញៀន៕