ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្នុងពិធីជូនដំណើរកងកម្លាំងវិស្វកម្មព្រលានយន្តហោះ លេខ១៨៩ និងកងកម្ទេចគ្រឿងផ្ទុះលេខ១២៣ ទៅចូលរួមបេសកកម្មពហុខ្នាតរួមគ្នានៃសហប្រជាជាតិ ដើម្បីស្ថិរភាពក្នុងប្រទេសម៉ាលី និងកងអាវុធហត្ថលេខ៦១៨ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង។ ខ្ញុំសូមបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ សន្តិភាព គឺជាកត្តាចំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព។ ប្រទេសកម្ពុជា មានសុខសន្តិភាពពេញបូរិបូរណ៍ ម្ចាស់ការគ្រប់គ្រងបាននូវស្ថិរភាពនយោបាយ និងជំរុញបាននូវល្បឿននៃការអភិវឌ្ឍប្រកបដោយក្តីសង្ឃឹម គឺអាស្រ័យដោយការអនុវត្តន៍គោលនយោបាយ ឈ្នះ=ឈ្នះ ដែលកើតចេញពីបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមម្លប់សន្តិភាព កម្ពុជា បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ប្រកបដោយមោទនភាពជាតិ ដែលកម្ពុជាសម្រេចបានស្នាដៃធំៗជាច្រើន ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ថ្នាក់អន្តរជាតិ កម្ពុជាបានចូលរួមក្នុងវិស័យជាច្រើន ក្នុងនោះ កម្ពុជាបាននិងកំពុងបញ្ជូនកងទ័ពរបស់ខ្លួនឱ្យពាក់ពួកខៀវទៅចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពលើវិស័យមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ហើយថ្មីៗនេះ ក្នុងវិស័យកីឡា កម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ កម្រិតពិភពលោក ផ្នែកវិញ្ញាសារកីឡាប៉េតង់ ក្នុងនោះក៏មានវត្តមានវីរៈកីឡាការនី ដែលជានាយទាហាននៃកងយោធពលខេមរភូមិន្ទ ចំនួន០២រូបផងដែរ។ នេះគឺជាមោទនភាពជាតិថ្មីមួយទៀត ដែលបានបង្ហាញឱ្យពិភពលោកឃើញថា ក្រោមម្លប់សន្តិភាព កម្ពុជាបាននិងកំពុងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនគ្រប់ផ្នែក ក្នុងការរួមចំណែកជាមួយពិភពលោកដើម្បីសន្តិភាព និងបានលើកកម្ពស់កិត្យានុភាព កិត្តិសព្ទ និងកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។
ក្នុងន័យនេះ អនុវត្តតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាតបដិវត្តពណ៌ និងត្រូវថែរក្សាការពារឱ្យបានរឹងមាំនិងស្ថិតស្ថេរជាអមតៈនូវសន្តិភាព ដើម្បីបន្តលើកកម្ពស់សមត្ថភាពកម្ពុជាក្នុងកិច្ចការអន្តរជាតិ ជាពិសេសក្នុងបុព្វហេតុសន្តិភាពលើលោក និងបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ខ្ញុំសូមផ្តាំផ្ញើនូវកិច្ចការមួយចំនួនជូននាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់នៃកងកម្លាំងទាំងបីកង គឺ ត្រូវអនុវត្តន៍ឲ្យបានដាច់ខាតនូវអនុសាសន៍ ដែលជាបទបញ្ជា៤ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជូនដំណើរកងអនុសេនាធំលេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦។ ប្រកាន់ការប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំ ទាំងបញ្ហាសន្តិសុខ និងបញ្ហាជំងឺឆ្លងនានា។ គោរពវិន័យឱ្យបានម៉ឺងម៉ាត់ មានមនសិការវិជ្ជាជីវៈ មានសេចក្តីក្លាហាន និងគោរពច្បាប់នានាដែលបានកំណត់។ ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព ប្រតិកម្មរហ័សចំពោះការងារ គោរពស្រឡាញ់គ្នា និងចេះជួយគ្នាទៅវិញទៅមក សំដៅសម្រេចភារកិច្ច៕