សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង


ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ដោយបានតែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកគ្រប់គ្រងដឹកនាំ ការចាក់វ៉ាក់សាំង នៅក្របខណ្ឌទូទាំងប្រទេស ដោយត្រូវរៀបចំផែនការមេ បន្តពីជំហានដែលបាន និងកំពុងធ្វើ សព្វថ្ងៃនេះ។

នៅក្នុងសារជាសម្លេងបន្ទាន់ នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត សម្ដេចតេជោ បានមានប្រសាសន៍ថា កន្លងទៅ ទាក់ទងនឹងការងារវ៉ាក់សាំង លើដំណើរការលទ្ធកម្មការស្វះស្វែងរក គឺកំពុង តែដំណើរការទៅយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នា ដំណើរការខាងផ្នែកចាក់វ៉ាក់សាំង ក្នុងជំហានដំបូងនេះ យើងក៏ទទួលបានលទ្ធផលល្អប្រសើរ ទាំងនៅក្នុងផ្នែកកងទ័ព និងផ្នែកស៊ីវិល។ សម្ដេចតេជោបានបន្តថា ប៉ុន្តែដើម្បីឱ្យការងារនេះបានឈានទៅមុខបានយ៉ាងល្អប្រសើរ « ខ្ញុំសូមស្នើឱ្យមានការរៀបចំគណៈកម្មការ ចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករ៉ាប់រងក្នុងការចាក់វ៉ាក់សាំង ទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព និងផ្នែក នគរបាល ហើយខ្ញុំសូមចង្អុលការតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួល បន្ទុកគ្រប់គ្រងដឹកនាំការចាក់វ៉ាក់សាំង នៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេ ដែលបន្តពីជំហាន​ដែលយើងបាន និងកំពុងធ្វើសព្វថ្ងៃនេះ »។

សម្ដេចតេជោគូសបញ្ជាក់ថា៖ « នៅពេលខាងមុខ វ៉ាក់សាំង នឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមាន ផែនការ មេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញ ទៅលើគោលដៅមួយចំនួនដែលយើងត្រូវ ផ្ដល់។ ដូច្នេះ ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ឱ វណ្ណឌីន ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្ត្រី ឬស្នើសុំមកដល់ខ្ញុំ ដោយសុំតែងតាំងអ្នកណាផ្សេងទៀតទាំងនៅក្នុងក្រសួង សុខាភិបាល ទាំងនៅក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឬ ក្រសួង មហាផ្ទៃ ជាដើម ដើម្បីចូលរួមនៅក្នុងគណៈកម្មការនេះ »។ សម្ដេចតេជោថ្លែងបន្តទៀតថា បើយើងមិនធ្វើដូច្នេះ ទេ ការងារនៅសាំញ៉ាំ ហើយចល័តមិនរហ័ស។ យើងមានអង្គភាពពីរដែលត្រូវរៀបចំ អង្គភាពមួយគឺជាអង្គភាព ដែលត្រូវដឹកនាំធ្វើលទ្ធកម្ម សម្រាប់ការទិញ ការរកជំនួយផ្សេងៗ ដែលសុំយោបល់ខ្ញុំជាបន្តបន្ទាប់ រាប់ទាំងការ សុំយោបល់ខ្ញុំនៅថ្ងៃនេះ ដែលត្រូវទទួលការទិញវ៉ាក់សាំងបន្ថែមចំនួន ៤លានដូស។ ឥឡូវនេះបញ្ហា គឺរៀបចំ ផែនការមេសម្រាប់ការចាក់វ៉ាក់សាំងឱ្យបានច្បាស់ ហើយឱ្យស្របនឹងស្ថានភាពជាក់ស្ដែង ដែលវាបាន និងកំពុង កើត។ ដូច្នេះខ្ញុំសូមស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាបន្ទាន់ជាមួយលោកជំទាវ ឱ វណ្ណឌីន តើត្រូវ​ការអ្នកណាផ្សេងទៀត ដើម្បីចូលរួមនៅក្នុងគណៈកម្មការចំពោះកិច្ចនេះ  ហើយគណៈកម្មការចំពោះកិច្ច នេះ ក៏ត្រូវមានទំនាក់ទំនងជាមួយនឹងស្ថាប័នដទៃទៀតដែលមានការពាក់ព័ន្ធ។

ជាងនេះទៀត សម្តេចបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល រៀបចំបែងចែក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មួយចំនួន ចូលរួមនៅក្នុងកិច្ចការងារណា ដែលទាក់ទងជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា ពិតហើយ ក្រសួងសុខាភិបាលមិនមែនទទួលខុសត្រូវតែលើបញ្ ហាកូវីដ-១៩ នោះទេ ត្រូវព្យាបាលជំងឺដទៃទៀត និងកិច្ចការដទៃទៀត ក៏ប៉ុន្តែគប្បីពិនិត្យថា តើរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការប៉ុន្មាននាក់ បែរមុខឆ្ពោះតម្រង់តែបញ្ហាកូវីដ-១៩នេះតែម្ដង។ ធ្វើយ៉ាងដូច្នេះ ដំណើរការចាក់ វ៉ាក់សាំងនឹងរៀបរយបានល្អ ជាមួយនឹងផែនការមេជាក់លាក់ ដើម្បីយើងអាចនឹងដំណើរការទៅបាន។ ដូច្នេះ សម្តេចបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយលោកជំទាវ ឱ វណ្ណឌីន រៀបចំសេចក្ដីសម្រេច បង្កើតគណៈកម្មការនេះ ដោយបញ្ជាក់ថា នេះជាកិច្ចការបឋម ដែលត្រូវរៀបចំ បើពុំដូច្នោះទេគឺដំណើរការ ចាក់វ៉ាក់សាំរបស់យើងអាចនឹងមានភាពយឺតយ៉ាវ។

សម្ដេចតេជោថ្លែងបន្ថែមថា ក្នុងករណីដែលមានការពាក់ព័ន្ធជាមួយនឹងខេត្ត-រាជធានី យើងអាចមាន អនុគណៈកម្មការចំពោះកិច្ច នៅតាមខេត្ត-រាជធានី តាមការចង្អុលបង្ហាញរបស់លោកជំទាវ ឱ វណ្ណឌីន ក្នុងករណីចាំបាច់ ដើម្បីឱ្យនៅតាមខេត្តនីមួយៗមានការទទួលខុសត្រូវ ស្ថាប័ននីមួយៗមានការទទួលខុសត្រូវ។ បានសេចក្ដីថា យើងមានគណៈកម្មការចំពោះកិច្ច លើដំណើរការចាក់វ៉ាក់សាំង។ ចំពោះក្រសួងអប់រំ យុវជន និងកីឡា យើងក៏ទើបសម្រេចឱ្យចាក់វ៉ាក់សាំងចំពោះគ្រូបង្រៀន សម្រាប់ទីក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តកោះកុង និងខេត្តព្រះសីហនុ ទៅលើភាពបន្ទាន់មួយចំនួនសម្រាប់ក្រុមគ្រូបង្រៀន។ ក៏ប៉ុន្តែ យើងក៏ត្រូវបញ្ជាក់ឱ្យច្បាស់ អំពីការដែលស្ថាប័ននីមួយៗត្រូវទទួលខុសត្រូវ ដែលស្ថាប័នខ្លះទទួលគ្រប់ គ្រង ដូចជា ក្រសួងអប់រំ ទទួលទៅលើបញ្ហាជួរគ្រូបង្រៀន និងទទួលខុសត្រូវទៅលើការចាក់វ៉ាក់សាំងឱ្យសិស្ស- និស្សិត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលខុសត្រូវលើមុខសញ្ញាពាក់ព័ន្ធ ជាមួយនឹងកម្មករ កម្មាការិនីនៅតាមរោងចក្រសហគ្រាស និងកម្មករ កម្មាការិនី នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ដែលគប្បីត្រូវ បានទទួលនូវការយកចិត្តទុកដាក់។ រាជធានី-ខេត្ត គឺច្បាមជាប់ជាមួយនឹងមូលដ្ឋាន ជាពិសេសផ្សារ អ្នកលក់ដូរ ក៏ដូចជា អ្នករត់តាក់ស៊ី កង់បី និងអ្នកដែលមានអាទិភាព។ សម្ដេចតេជោថ្លែងសង្គត់ធ្ងន់ថា៖ « ដូច្នេះជាគំនិត របស់ខ្ញុំ ក្រៅពីគណៈកម្មការចំពោះកិច្ចដែលនៅថ្នាក់ជាតិ ក៏គប្បីបង្កើតអនុគណៈកម្មការ ចំពោះកិច្ចនៅតាម ស្ថាប័ននៅថ្នាក់ជាតិ និងនៅតាមរាជធានី-ខេត្តផងដែរ ដើម្បីឱ្យទទួលខុសត្រូវលើ ដំណើរការយុទ្ធនាការ ចាក់ វ៉ាក់សាំងដែលយើងមានគម្រោងចាក់វ៉ាក់សាំងយ៉ាងតិច ១០លាននាក់ ដែលជាចំនួនមួយដ៏ច្រើន ដែលចាំបាច់ ត្រូវតែមានការទទួលខុសត្រូវជាក់លាក់ពីស្ថាប័នថ្នាក់ជាតិ។ សម្ដេចតេជោថ្លែងទៀតថា ក្នុងពេលដែលវ៉ាក់សាំង នឹងមកដល់ក្នុងពេលខាងមុខដែលក្នុងគម្រោងមានចំនួន១លាន៥សែនដូស ឬអាចលើសពីនេះថែមទៀតនោះ ក៏ត្រូវរៀបចំផែនការឱ្យបានច្បាស់តម្រង់ទៅទិសណា ហើយកម្លាំងពេទ្យដែលត្រូវចាក់ត្រូវបណ្ដុះបណ្ដាល យ៉ាងណា ទីកន្លែងរបៀបណា ត្រូវរៀបចំផែនការមេជាក់លាក់ដើម្បីដំណើរការឱ្យបានល្អ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងនូវការសង្ឃឹមថា កិច្ចការងារ នេះនឹងដំណើរការបានល្អ ជាមួយនឹងការទទួលខុសត្រូវ នៅគ្រប់ស្ថាប័ន ដើម្បីតម្រង់ឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕