សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីសន្តិសុខសាធារណៈប្រទេសឡាវ


នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៦ ខែ មេសា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីសន្តិសុខសាធារណៈ នៃប្រទេសឡាវ ជួបសំដែងការគួរសម និងពិភាក្សាការងារ។
លោក ស៊ីឡាវង្ស រីករាយសាទរ និងចង់ឃើញមិត្តភាព និងសាមគ្គីភាព ត្រូវបានពង្រឹងឡើងរវាងប្រទេសទាំងពីរ ដើម្បីបន្តកិច្ចសហការនៅតាមព្រំដែន និងចូលរួមទប់ស្កាត់សកម្មភាពខុសច្បាប់នានា រួមទាំងការជួញដូរល្មើសច្បាប់ទាំងឡាយ។ លោក ស៊ុមកែវ ស៊ីឡាវង្ស បានបញ្ជាក់ថាប្រទេសទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មាន និងរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ រួមទាំងអនុវត្តន៍បញ្ហាផ្សេងៗ និងដោះស្រាយតាមគោលការណ៍របស់ប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តីបានជម្រាបជូន សម្តេចតេជោ ផងដែរថា នៅឆ្នាំ២០១៨ ប្រទេសឡាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទ្វេភាគីនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនភាគីឡាវនូវអ្វីដែល សម្តេច ចង់ឃើញ គឺកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ។ ជាពិសេស សម្តេចតេជោ ចង់ឃើញលទ្ឋផលនៃការងារមួយចំនួនដែលបានឯកភាពគ្នារួចហើយ គឺគប្បីអនុវត្តន៍ឲ្យបានពេញលេញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះជំនួបរវាងលោករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង កាលពីពេលថ្មីៗនេះដែលបានរិតបន្តឹងនូវមិត្តភាព និងសហ ប្រតិបត្តិការនៃក្រសួងទាំងពីរកាន់តែល្អថែមទៀត៕