ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បន្តចុះសំណេះសំណាលពង្រឹងរចនាសម្ព័ន្ធនិង ទិសដៅផែនការសកម្មភាពយុវជននៅមូលដ្ឋាន ឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២


(ត្បូងឃ្មុំ)៖ ឆ្លើយតបនឹងផែនការសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សរាជធានី-ខេត្តឆ្នាំ២០២១ នៅថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជន គណបក្សខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត-ស្រុក ចុះជួបសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនចំនួន ២០ភូមិ ឃុំគរ និង៩ភូមិ ឃុំល្ងៀង នៅស្នាក់ការបក្សឃុំគរ និងនៅស្នាក់ការបក្សឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះឯកឧត្តម ហាក់ សុខមករា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល ដល់ក្រុមការងារ និងសកម្មជនយុវជនទាំងអស់គ្នា ដោយក្តីនឹករលឹក និងគិតគូរបំផុតលើសកម្មភាពការងារ សកម្មជន យុវជននៅតាមបណ្តាមូលដ្ឋាន។

ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានណែនាំឲ្យក្រុមការងារ រួមគ្នាបន្តពង្រឹង រៀបចំរចនាសម្ព័ន្ធ និងសមត្ថភាពយុវជនបក្សឃុំ-ភូមិ និងដាក់ផែនការឆ្ពោះទៅកាន់ការចុះឈ្មោះបោះឆ្នោតខែកញ្ញា ឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខក្នុងទិសដៅ «សមាជិកបក្សយុវជនម្នាក់ សន្លឹកឆ្នោត១សន្លឹក»។

ឯកឧត្តមក៏បានណែនាំឲ្យក្រុមការងារយុវជនទាំងអស់ ត្រូវក្តាប់រាល់ព័ត៌មានពីបញ្ហាប្រឈម បម្រើសេវា និងតម្រូវការនានាតាមមូលដ្ឋានរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរាយការណ៍មកកាន់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យពីលទ្ធភាពក្នុងការជួយដោះស្រាយជូនបងប្អូនពលរដ្ឋ។

បន្ថែមពីនោះ ក្នុងគ្រាដែលជំងឺកូវីដ១៩កំពុងផ្ទុះរីករាលដាល ឯកឧត្តម ហាក់ សុខមករា បានណែនាំក្រើនរំលឹកដល់ក្រុមការងារយុវជនទាំងអស់ ត្រូវមានអនាម័យជាប់ជានិច្ច រក្សាគំលាត អនុវត្តន៍តាមវិធាន «៣កុំ ៣ការពារ» ក៏ដូចជាតាមវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺដ៍កាចសាហាវនេះនៅកម្ពុជា៕