ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះការធ្វើចំណាកស្រុកដោយខុសច្បាប់របស់ប្រជាពលរដ្ឋខ្មែរ គឺរាជរដ្ឋាភិបាល ត្រូវតែទប់ស្កាត់ ប៉ុន្ដែបើការធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយស្របច្បាប់វិញនោះ គឺជាវិធីដោះស្រាយបញ្ហាអត់ការងារធ្វើរបស់ ប្រជាពលរដ្ឋ។ ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះ ធ្វើឡើងក្នុងពិធីសម្ភោធដាក់ឲ្យប្រាស់ប្រាស់ជាផ្លូវការ នូវសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦នេះ។
សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា «មានអ្នកខ្លះបែងចែកអត់ច្បាស់ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស អ្វីដែល រាជរដ្ឋាភិបាលត្រូវទប់ស្កាត់ គឺចំណាកស្រុកខុសច្បាប់ រីឯការទៅរកការងារដែលស្របច្បាប់ គឺជាវិធីដោះស្រាយបញ្ហាការងារ សម្រាប់ ពលរដ្ឋ។ ជាមួយគ្នានេះសម្ដេចតេជោ បានរិះគន់អ្នកនយោបាយមួយចំនួនដែលបានលើកឡើងថា ខ្លួននឹងបង្កើតការងារជាច្រើនជូន ពលរដ្ឋធ្វើ នៅពេលគណបក្សរបស់ខ្លួនឈ្នះ ប៉ុន្ដែមិនទាន់នឹងឈ្នះផង បែរជាយកអ្នកមានធ្វើជាសត្រូវបាត់ទៅហើយនោះ ដូច្នេះតើមានអ្នកមានឯណា មកវិនិយោគទៀត»។ ប្រមុខរាជរដ្ឋាភិបាល បានលើកជាឧទាហរណ៍ថា សូម្បីតែប្រទេសហ្វីលីពីន ក៏មានពលករជាង១០លាននាក់ដែលចេញទៅធ្វើការនៅក្រៅប្រទេស ក្នុងនោះជនជាតិហ្វីលីពីនលើស១ម៉ឺននាក់ ក៏កំពុងតែធ្វើការងារនៅក្នុង ប្រទេសកម្ពុជា ផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើទៅកាន់អ្នកនយោបាយមួយចំនួនថា វិធីដោះស្រាយបញ្ហាការងារជូនប្រជាពលរដ្ឋ មិនមែនត្រឹមតែដោះស្រាយ នៅក្នុងស្រុកប៉ុណ្ណោះទេ ពោលគឺការស្វែងទីផ្សារការងារនៅក្រៅស្រុកក៏ជាផ្នែកមួយរបស់រាជរដ្ឋាភិបាលដែរ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជាការពិតរាជរដ្ឋាភិបាលត្រូវប្រឹងប្រែង ដើម្បីបង្កើតការងារបន្ថែមនៅក្នុងស្រុក ប្រសើរជាងទៅក្រៅស្រុក ព្រោះថាយើងក៏នៅខ្វះកម្លាំងពលកម្មដែរ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺនយោជកដែលម្ចាស់ចំការកៅស៊ូ ចំការម្រេច ត្រូវគិតគូពីការដំឡើងប្រាក់ខែជូនកម្មករ-នយោជិត និងត្រូវគិតគូពីបញ្ហានៃការស្នាក់នៅរបស់ពួកគេផងដែរ៕