នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅអង្គរឃ្យុងយ៉ូ ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមប្រធានបទ “បង្កើនសុក្រឹត្យភាពក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យសុខភាព និងសុវត្ថិភាពការងារ” និងក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី១៣១នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ ដើម្បីសន្តិភាពការងារ មុខរបរ និងការអភិវឌ្ឍន៍។
នាឱកាសនៃអង្គពិធីនេះ ឯកឧត្តមបានសម្តែងនូវចិត្តរំភើបរីករាយដោយបានចូលរួមក្នុងពិធីប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ និងការរៀបចំអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភាខួបលើកទី១៣១នាខណៈពេលនេះ។
ឯកឧត្តមបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លងមកបានយកចិត្តទុកដាក់ខ្លាំងចំពោះសុវត្ថិភាព និងសុខភាពរបស់ក្មួយៗកម្មករកម្មការីនី ជាពិសេស បញ្ហាគ្រោះថ្នាក់ការងារដែលកើតមាននៅកន្លែងធ្វើការ និងនៅពេលធ្វើដំណើរទៅបំពេញការងារនៅតាមរោងចក្រនានា។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាព ដែលជាយន្តការត្រីភាគី ដើម្បីរួមចំណែកក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាសគ្រឹះស្ថាន។ ជាងនេះទៅទៀត ក្រសួងក៏បានសហការជាមួយអង្គការអន្តរជាតិខាងការងារជប៉ុន ក្នុងការអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់បទដ្ឋានសុខភាព និងសុវត្ថិភាពការងារវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ដែលទាំងនេះនឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ក្នុងកិច្ចការងារគាំពារ សុខភាព និងសុវត្ថភាពរបស់ក្មួយៗកម្មករ កម្មការីនីទាំងអស់។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ និងអង្គការដៃគូរនានា ដែលតែងតែបន្តជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារនេះជារៀងរាល់ឆ្នាំ។
ឯកឧត្តមក៏បានជម្រាបជូនអង្គពិធីជ្រាបផងដែរថា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រណៃណីជាតិខ្មែរ និងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ១ឧសភា រាជរដ្ឋាភិបាល បានចេញនូវសារាចរណែនាំស្តីពីការប្រារព្ធទិវានេះនៅតាមគ្រប់ទីកន្លែង មានជាអាទ៍ រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន ១១ ១៦៨ បានចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៧ ដែលក្នុងនោះ រោងចក្រសហគ្រាសធំៗទូទាំងប្រទេសចំនួនប្រមាណ ១ ០០០ ដែលមានកម្មករនិយោជិតប្រមាណ ៧០០ពាន់នាក់ បានរៀបចំពិធីរាំកំសាន្តសប្បាយ លេងល្បែងប្រជាប្រិយ ពិសារបាយសាមគ្គី និងចាប់រង្វាន់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផង និងទិវាពលកម្មអន្តរជាតិ ១ ឧសភាផង ព្រមជាមួយនោះគ្រប់រាជធានី ខេត្ត ក៏បានចាត់តាំងប្រារព្វទិវាពលកម្មអន្តរជាតិ ១ ឧសភា ទៅតាមទីកន្លែង និងកម្មវិធីរៀងៗខ្លួន ប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាល។ ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រារព្វទិវាពលកម្មអន្តរជាតិនៅថ្ងៃទី ១ ខែឧសភានេះ ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត សហជីពគ្រប់លំដាប់ថ្នាក់ សមាគមនិយោជក និងអង្គការវិជ្ជាជីវៈ ប្រមាណជា៤៥០នាក់ ហើយយកវេទិកានេះ ដើម្បីដោះស្រាយសំណូមពរនានានៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ប្រកបដោយបរិយាកាសរីករាយយោគយល់ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ។ ទន្ទឹមនោះ ក៏មានសកម្មភាពជាច្រើនទៀតដូចជាការប្រកួតកីឡាបាល់ទាត់ និងការរៀបចំកម្មវិធីសម្រស់ឯកវាយនភ័ណ្ឌឆ្នាំ២០១៧ ដែលបានប្រកួតផ្តាច់ព័ត្រ្តជ្រើសរើសជ័យលាភីបានចំនួន ១០ រូប កាលពីថ្ងៃទី១ ឧសភា កន្លងទៅនេះ។ ហើយជាក់ស្តែងថ្ងៃនេះ នៅខេត្តសៀមរាបក៏បានរៀបចំទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ រួមជាមួយនឹងទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៧ នាពេលនេះផងដែរ។
ឯកឧត្តមក៏សូមយកឱកាសនេះ ថ្លែងនូវអំណរគុណ និងការកោតសរសើរខ្ពស់ចំពោះគ្រប់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងគ្រប់រាជធានី ខេត្ត ដែលបានចាត់តាំងរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី និងទិវាពលកម្មអន្តរជាតិ ១ ឧសភា យ៉ាងអធិកអធមញាំងឱ្យទិវានេះកាន់តែមានភាពសប្បាយរីករាយប្រកបដោយភាពសុខុមរមនា ហើយមានការសាទរពីសាធារណជននៅគ្រប់ទិសទី។
ជារួម ការប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៧ នេះ បានប្រព្រឹត្តទៅកាន់តែសកម្ម និងផុសផុល ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលជាងឆ្នាំមុនៗ គឺដោយសារថាកម្ពុជាមានសុខសន្តិភាព ស្ថិរភាព រក្សាបាននូវកំណើនសេដ្ឋកិច្ចខ្លាំង មានទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិត និងនិយោជកកាន់តែល្អនិងមានយន្តការត្រីភាគីកាន់តែប្រសើរក្នុងការជជែកគ្រប់គ្រងបញ្ហាប្រឈម ដោយឈរលើគោលការណ៍នីតិរដ្ឋ និងបច្ចេកទេសដោយមានការសហការបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ។ ទាំងនេះគឺបានមកពីការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតីភាពនៃជីវភាព និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ។