អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រាប់ពូជបន្លែ ផ្តល់ជូនដល់គ្រួសារអតីតយុទ្ធជន ដែលបានមករស់នៅទីតាំងសម្បទានដីសង្គមកិច្ច


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកគ្រាប់ពូជបន្លែ ផ្តល់ជូនដល់គ្រួសារអតីតយុទ្ធជន ដែលបានមករស់នៅទីតាំងសម្បទានដីសង្គមកិច្ច ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់ផ្ទះ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រង់ចំណុចដំណាក់ត្រយឹង ឬភូមិរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
គ្រាប់ពូជបន្លែដែលបានផ្តល់ជូននាពេលនេះ គឺជាការឆ្លើយតបតាមសន្យា ដើម្បីឱ្យបងប្អូនយើង បានដាំដុះផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របពេលរដូវវស្សាចូលមកដល់។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានរៀបចំថ្វាយទាន ធូប និងគ្រឿងរន្តាប់ បន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងទឹកភ្លៀង ជាពិសេសសូមឱ្យកិច្ចដំណើរការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងទីតាំងសម្បទានដីសង្គមកិច្ចខាងលើ ឱ្យដំណើរការទៅបានរលូន៕