ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមបឹក្សា ឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នៅខេត្តកំពង់ធំ


នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់ កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមបឹក្សា ឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នៅខេត្តកំពង់ធំ ដែលមានសមាជិក សមាជិការ ចូលរួមចំនួន ១៣០ នាក់ ។
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកពិធីផ្សព្វផ្សាយ និងបន្ទាប់មក ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញអានជូនអង្គពិធីផ្សព្វផ្សាយនូវឯកសារ សេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមបឹក្សា ឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ។
បន្ទាប់មក ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍សំណេះសំណាល និងផ្តល់អនុសាសន៍ដឹកនាំដល់គណបក្សគ្រប់ថ្នាក់ និងក្រុមការងារទាំងអស់ គឺបានបកស្រាយអំពី យុទ្ធសាស្រ្ត យុទ្ធវិធី និងការប្តេជ្ញាចិត្តរបស់គណបក្សដើម្បីឈ្នះឆ្នោត ។ ការវិវត្តន៍សភាពការណ៍នយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ និងពិភពលោក និងបកស្រាយបន្សាបនូវទស្សនៈ ប្រឆាំងខុសការពិតជាមួយគណបក្សប្រជាជនកម្ពុជារបស់ក្រុមប្រឆាំងមួយចំនួនតូច ។
អង្គពិធីផ្សព្វផ្សាយបានបញ្ចប់នូវវេលាម៉ោង ១០៖៣០នាទី នាព្រឹកថ្ងៃដដែលដោយបរិយាកាសស្និទ្ធស្នាល ៕