ឯកឧត្តម ចម ប្រសិទ្ធ និងឧកញ៉ា តែ តាំងប៉ យកអំណោយជាស្បៀងអាហារ និងថវិកា ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ


(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧហ្សាហកម្ម និងវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននាំយកថវិកា និងស្បៀងអាហារ ប្រគល់ជូនឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋ។

ក្នុងពិធីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក៏មានការចូលរួមពី អនុប្រធាន រួមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងតំណាងសមាគម និងក្រុមហ៊ុនក្រោមចំណុះនានា របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសប្បុរសជននានាជាច្រើនរូបទៀតផងដែរ។

អំណោយដែលប្រគល់ជូន នាឱកាសនោះ រួមមាន៖ ថវិកា ចំនួន១២១,៦៩៤,០០០រៀល, សាប៊ូចំនួន ៣០០កញ្ចប់, ទឹកត្រី និងទឹកស៊ីអ៊ីវ ចំនួន៦,០០០ដប, ទឹកបរិសុទ្ធហាយតិចចំនួន ២០០កេស, ពងមាន់ ២,០០០គ្រាប់, មាន់សាច់ ១០០ក្បាល, សាច់កែច្នៃ ១០០គីឡូក្រាម, សាច់ក្រកអប់ផ្សែងស្បែកស្រួយ ៥០កញ្ចប់ និងមាន់អាំង ៥០កញ្ចប់ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់ និងប្រយោលពីជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើលិខិតថ្លែងអំណរគុណជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ដែលបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ បរិភោគជាច្រើន ជូនដល់សាលារាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីមេរោគកូវីដ១៩៕