អាជីវករក្នុងផ្សារកំពង់ស្ពឺ បានចលនាគ្នាប្រមូលអំណោយជាស្បៀងអាហារ ជូនឯកឧត្តម ហ៊ុន ម៉ានី ដើម្បីប្រគល់ជូនបន្តទៅរដ្ឋបាលខេត្តប្រើប្រាស់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ក្នុងខេត្ត


ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ស្ពឺ​ ឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលអំណោយជាស្បៀងអាហារចាំបាច់ ដែលចលនាដោយអាជីវករក្នុងផ្សារកំពង់ស្ពឺដើម្បីចូលរួមជាមួយអាជ្ញាធរសម្រាប់ប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធនឹងការឆ្លងរាលដាលនៃជងឺកូវីដ ១៩ ដែលកំពុងយាយីខេត្តកំពង់ស្ពឺ និងរាជធានី ខេត្តដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺទាំងអស់ និងប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺ ឯកឧត្តម សំ រិទ្ធី ដែលមានវត្តមានក្នុងឱកាសនោះ បានសម្តែងនូវមនោសញ្ចេតនារំភើប និងសប្បាយរីករាយក្រៃលែង ចំពោះស្មារតីសាមគ្គីភាព រួបរួមជាមួយអាជ្ញាធរដែលបងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងខេត្តកំពង់ស្ពឺចំពោះមុខការប្រឈមដែលប្រទេសជាតិ ក៏ដូចជាខេត្តកំពុងជួបប្រទះ។ ឯកឧត្តមក៏សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះទឹកចិត្តសប្បុរសរបស់បងប្អូនក្នុងឱកាសនេះ។ ម្យ៉ាងទៀតផងដែរ សូមបងប្អូនមេត្តាបន្តចូលរួមអនុវត្តតាមការណែនាំ និងវិធានការនានាដែលក្រសួង និងអាជ្ញាធរបានដាក់ចេញជាបន្តបន្ទាប់សំដៅទប់ស្កាត់ និងលុបបំបាត់ជំងឺកូវីដ ១៩ នេះឱ្យអស់ពីខេត្តកំពង់ស្ពឺ និងព្រះរាជាណាចក្រកម្ពុជាយើង។
ដោយឡែក សម្ភារដែលបានទទួលនាឱកាសនេះរួមមាន អង្ករ ៤តោន កន្លះ មី ៣០ កេស និងត្រីខ ៥កេសធំ។ ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី តែងតែបន្តជួយឧបត្ថម្ភដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងនៅជួរមុខដើម្បីប្រយុទ្ធនឹងជំងឺកូវីដូ ១៩ ដែលបានមកពីការគៀរគរពីសប្បុរសជននានាទាំងក្នុង និងក្រៅខេត្ត។
សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺមានអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៥២៨ នាក់ និងមានអ្នកជាសះស្បើយ សរុប ១១៧នាក់ គិតត្រឹមថ្ងៃទី២៣ ខែឧសភានេះ។ ដោយមានការឯកភាពពីអ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី សម្ភារដែលប្រគល់ជូននាថ្ងៃនេះ ត្រូវបានប្រគល់បន្តដល់រដ្ឋបាលខេត្តភ្លាមៗដើម្បីចាត់ចែងប្រើប្រាស់ក្នុងបេសកកម្មរបស់ខ្លួន។