សន្និសីទសារព័ត៌មានស្តីអំពី៖ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ ទាក់ទងនឹងរបៀបវារៈ កម្មវិធី និងភ័ស្តុភារ


នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងតួនាទីជាប្រធានគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអាស៊ាន ឯកឧត្តមបណ្ឌិត កៅគឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមជាមួយ លោក Justin Wood ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនិងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានមួយដើម្បីបកស្រាយព័ត៌មានលម្អិតនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧ ដែលគ្រោងនឹងប្រព្រឹត្តិនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។
លោកWood បានលើកឡើងនូវទស្សនទានទូទៅអំពីវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានបេសកកម្មនិងតួនាទីជាអ្នកសម្របសម្រួលរវាងវិស័យរដ្ឋ និងឯកជន។
លោកWood បានគូសបញ្ជាក់ថា៖ វេទិកាសេដ្ឋកិច្ចពិភពលោក(WEF)នេះ ដើរតួនាទីជាអ្នកប្រមូលផ្តុំក្រុមមេដឹកនាំក្នុងវិស័យឧស្សាហកម្ម និងមេដឹកនាំរដ្ឋាភិបាលនានា ព្រមទាំងអ្នកដឹកនាំដែលឥទ្ធិពលក្នុងវិស័យផ្សេងគ្នាជាច្រើន និងជាអង្គការសម្របសម្រួលដល់វេទិកានានាឱ្យដំណើរការទៅដោយរលូន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់នាពេលអនាគត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមបណ្ឌិត កៅ គឹមហួន បានពិភាក្សាអំពីសារៈសំខាន់នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧ ទាក់ទងនឹងកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកត់សម្គាល់ថា៖ កម្ពុជាមានកិត្ដិយសនិងកិត្យានុភាពដែលត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក និងបានឆ្លុះបញ្ចាំងអំពីការរីកចម្រើនរបស់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍សាកលមួយនេះ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រីបានជម្រាបជូនអំពីរបៀបវារៈ កម្មវិធីរយៈពេលបីថ្ងៃ និងភ័ស្តុភារស្តីអំពីព្រឹត្តិការណ៍សាកលនាពេលខាងមុខចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា។