សម្តេចវិបុលសេនាភក្តី សាយ ឈុំ សំណេះសំណាលក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីនៅរោងចក្រភ្នំពេញស៊ូហ្គ័រ


នារាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងបរិវេណរោងចក្រផលិតស្ករស ភ្នំពេញស៊ូហ្គ័រ ដែលមានទីតាំង នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានរៀបចំពីធីសំណេះសំណាល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ និងរៀបចំអាហារសាមគ្គី ជូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកម្មករកម្មការនី សរុបចំនួន ជាង៦ពាន់នាក់ ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេច វិបុលសេនាភក្តី សាយឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ វត្ថមានរបស់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ដែលបាន ឆ្លៀតពេលវេលាអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះ ឯកឧត្តមឧកញ៉ា លី យ៉ុងផាត់ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី ហ្គ្រុប បានបញ្ជាក់ថា ពីធីជួបជុំក្នុងថ្ងៃនេះ គឺដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីផង និងជាការជួបជុំនៃមហាគ្រួសារ របស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រផងដែរ។ ក្នុងនាមជាថ្នាក់ដឹកនាំក្រុមហ៊ុន ឯកឧត្តមឧកញ៉ាផ្ទាល់ សូមថ្លែងអំណរគុណ ចំពោះបុគ្គលិកកម្មករទាំងអស់ ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដោយសម្រេចបានលទ្ធផល ដ៍ល្អប្រសើរ ។ជាមួយនេះ ឯកឧត្តមឧកញ៉ា ក៍បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងឃុំត្រពាំងជោរ ស្រុក ឱរ៉ាល់ និង ឃុំអមលាំង ស្រុកថ្ពង ដែលផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហានានា ក្រោមការជួយសម្របសម្រួល ប្រកបដោយការទទួលខុសត្រូវ ពីអាជ្ញាធរខេត្ត និងស្រុក ដើម្បីផលប្រយោជន៍រួម របស់យើងទាំងអស់គ្នា។ ឯកឧត្តម បានបញ្ជាក់ថា បើគ្មានកិច្ចសហការល្អពីបងប្អូន និងការគំាទ្រពីសំណាក់អាជ្ញា ធរដែនដីទេនោះ យើងប្រាកដជា មិនមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះទេ។ ជាក់ស្តែង យើងទាំងអស់គ្នា ពិតជាមានមោទនភាពយ៉ាងខ្លាំង ដោយសារតែទីនេះ កំពុងក្លាយជាតំបន់អភិវឌ្ឍ ដែលមានសកម្មភាពសេដ្ឋកិច្ច ដ៍ រស់រវើក។ទឹកដី ដែលពីមុនគេបោះបង់ចោល តែឥឡូវ បានក្លាយជាចំការអំពៅធំល្វឹងល្វើយដាច់កន្ទុយភ្នែក ហើយ រោងចក្រស្ករសលំដាប់អន្តរជាតិ ដ៍ធំស្កឹមស្កៃមួយ ក៍បានផុសត្រដែតឡើង។ ប្រជាពលរដ្ឋ មានការងារធ្វើ មានផ្លូវ មានផ្សារ សាលារៀន មានភ្លើងអគ្គីសនី ប្រព័ន្ធធារាសាស្ត្រ ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង ដែលនេះ គឺជាផ្លែផ្កាដែលកើតចេញពីការអភិវឌ្ឍរបស់ក្រុមហ៊ុន ភ្នំពេញស៊ូហ្គ័រ។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរា ជាណចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមឧកញ៉ាលី យ៉ុងផាត់ និងលទ្ធផល ដែលក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ សម្រេចបាន ដែលលទ្ធផលទាំងអស់នេះ បានរួមចំណែកដល់ការអនុវត្តន៍កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដោយបាន ផ្តល់ការងារ ជូនប្រជាជនលើកកម្ពស់ ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅ តំបន់នេះយ៉ាងពិតប្រាកដ។
សម្តេច ប្រធានព្រឹទ្ធសភា បានបញ្ជាក់ជូន ប្រជាពលរដ្ឋថា ឯកឧត្តម លី យ៉ុងផាត់ ជាវិនិយោគិនក្នុងស្រុកឈានមុខមួយរូប ដែលបានបណ្តាក់ទុនវិនិយោគលើច្រើនវិស័យ ដូចជាស្ពាន,ថ្នល់,អគ្គីសនី,ពហុកីឡាដ្ឋាន,សណ្ឋាគារ,ក្លិបវាយកូនហ្គោល,រម្យណីយដ្ឋាន,រោងចក្រ,កសិដ្ឋានចំការអំពៅ និងមុខរបរធំៗមួយចំនួនទៀត។ កសិដ្ឋានចំការអំពៅ ដ៍ធំល្វឹងល្វើយ និងរោងចក្រស្កសរ លំដាប់អន្តរជាតិ ជាសក្ខីកម្មបង្ហាញច្បាស់ ពីការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ដែលធ្លាប់មានការប្រឈមឲ្យមកជាតំបន់ដែលមានការអភិវឌ្ឍន៍ស្របតាមសំណូមពរដ៍ពិសិដ្ឋរបស់ប្រជាជន និងប្រទេសជាតិយើង។ក្រុមហ៊ុន បានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្ទៃក្នុង ដូចជា ផ្លូវ ផ្សារ សាលារៀន ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹកស្អាត ពេទ្យនិងភ្លើងអគ្គីសនី។ល។ ដើម្បីជាគុណប្រយោជន៍ និងដើម្បីសុខភាព កម្មករ និយោជិត ឲ្យកាន់តែមានភាពល្អប្រសើរឡើងៗ ។ ជាមួយនេះសម្តេច ក៍បានកោតសរសើរ ដោយស្មោះ ចំពោះ បងប្អូនកម្មករ និយោជិត ទាំងអស់ ដែលបានរួមរស់ធ្វើការងារ ដោយស្មារតី សាមគ្គីភាពរឹងមាំ រក្សាបាននូវភាពសុខដុមរមនា រវាង កម្មករនិយោជិតជាមួយនិយោជក។ ទន្ទឹមនេះ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន ភ្នំពេញ-ស៊ូហ្គ័រ ដែលបានសហការយ៉ាងល្អ ជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នៃខេត្តកំពង់ស្ពឺ ស្រុកឱរ៉ាល់ ស្រុកថ្ពង ដែលធ្វើឲ្យក្រុមហ៊ុន ដំណើរការអាជីវកម្មរបស់ខ្លួន ប្រកបដោយ សុខសន្តិភាព និង រីកចំរើនជាលំដាប់ ហើយសម្តេចសង្ឃឹមថា ក្រុមហ៊ុន និងបន្តពង្រឹងពង្រីក និងអភិវឌ្ឍ កាន់តែខ្លាំងក្លាថែមទៀត ដើម្បី កម្ពុជា មានផលិតផលស្ករស ដែលមានស្ដង់ដាអន្តរជាតិ សម្រាប់បម្រើសេចក្តីត្រូវការ ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារនានា ក្នុងតំបន់ និងអន្តរជាតិ។ ដោយឡែកពាក់ព័ន្ធ ទៅនឹងដំណើការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិទី៤ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខ នេះ សម្តេចប្រធានព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋ ដែលបានចុះឈ្មោះរួចហើយ ឲ្យអញ្ជើញទៅបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិរបស់ខ្លួនជាប្រជាពលរដ្ឋ ស្របតាមការកំណត់របស់រដ្ឋធម្មនុញ៕