គណៈអចិន្រ្តៃយ៍រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យលក្ខណៈសម្បត្តិបេក្ខជន២រូប ដែលដាក់ពាក្យស្នើធ្វើជាប្រធានគ.ជ.ប


នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យលក្ខណៈសម្បត្តិបេក្ខជន២រូប ដែលបានដាក់ពាក្យទៅកាន់រដ្ឋសភា ដើម្បីស្នើធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បន្ទាប់ពីប្រជុំពិនិត្យមើលលក្ខណៈសម្បត្តិ រដ្ឋសភានឹងបញ្ជូនឈ្មោះបេក្ខជនទាំងពីររូបនេះ ទៅកាន់គណបក្សឈ្នះឆ្នោត ក្នុងការសម្រេចចិត្តជ្រើសរើសបេក្ខជន១រូប ដើម្បីដាក់ជូនរដ្ឋសភាពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដែលការធ្វើការសម្រេចចិត្តជ្រើសរើសនេះមានរយៈពេល៣ថ្ងៃ។

សូមបញ្ជាក់ថា ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕