គណបក្សរួបរួម​រុស្ស៊ីនឹង​រៀបចំ​កិច្ច​ពិភាក្សា​តុ​មូល ជាមួយ​នឹង​ថ្នាក់ដឹកនាំ​នៃបណ្ដា​គណបក្ស​នយោបាយ​នៅអាស៊ាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឱកាស​ខួបលើក​ទី៣០​ឆ្នាំ​នៃទំនាក់​ទំនង​រវាង​រុស្ស៊ី និងអាស៊ាន


នៅក្នុងឱកាស​ខួបលើក​ទី៣០ឆ្នាំ នៃទំនាក់ទំនង​រវាងរុស្ស៊ី និង​អាស៊ាន គណបក្សរួបរួម​រុស្ស៊ី គ្រោងនឹង​រៀបចំ​កិច្ចពិភាក្សា​តុមូល ជាមួយ​នឹងថ្នាក់ដឹក​នាំគណបក្សនយោបាយ​ នៃបណ្តា​ប្រទេស​អាស៊ាន ក្រោមប្រធាន​បទ​ស្តីពី «តួនាទីនៃកម្លាំងគណបក្សនយោបាយរុស្ស៊ីនិងអាស៊ានប្រកប​ដោយការទទួលខុសត្រូវ ក្នុងការពង្រឹងស្ថាបត្យកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអ៊ីនធើណែត។

ដើម្បីត្រៀមរៀបចំកិច្ចពិភាក្សាតុមូលនៃថ្នាកដឹកនាំគណបក្សនយោបាយ ភាគីរុស្ស៊ីបានរៀបចំកិច្ចប្រជុំអ្នកជំនាញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដែលមានការចូលរួមពី ឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តម ចែម វីឌ្យា​ អនុប្រធានគណៈទាក់ទងបរទេស នៃគណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំអ្នកជំនាញនេះក៏មានការចូលរួមពីតំណាងគណបក្សនយោបាយ​នៃតំបន់អាស៊ានផ្សេងទៀត មកពីគណបក្សបដិវត្តប្រជាជនឡាវ គណបក្ស Golkar (ឥណ្ឌូនេស៊ី) គណបក្សប្រជាធិបតេយ្យហ្វីលីពីន-កម្លាំងប្រជាជន (PDP-Laban) គណបក្សកុម្មុយនីស្តវៀតណាម ដែលបាន​ពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិភាក្សាតុមូល ព្រមទាំងផ្លាស់ប្តូរនូវទស្សនៈនានាអំពីបញ្ហានិង​ឱកាស ពាក់ព័ន្ធនឹងការពង្រឹងស្ថាបត្យកម្មសន្តិសុខក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការគណបក្សនយោបាយ​នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕