សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តីម៉ុងហ្គោលី


បន្ទាប់ពីអញ្ជើញចូលរួមពិធីបើក វេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ រួចហើយ នៅព្រឹកថ្ងៃដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីដិនេបាត ចាហ្គាធុលហ្គា (Erdenebat Jargaltulga) នាយករដ្ឋមន្រ្តីនៃប្រទេសម៉ុងហ្គោលី នៅសណ្ឍាគារ China World Hotel ទីក្រុងប៉េងកាំង ប្រទេសចិន ។
សម្តចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៌ថា សម្តេចធ្លាប់បានអញ្ជើញទៅប្រទេសម៉ុហ្គោលីនៅឆ្នាំ១៩៨១ និងនៅ ឆ្នាំ២០១៦កន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ។ ឯកឧត្តមនាយករដ្ឋមន្រ្តី ប្រទេសម៉ុងហ្គោលីបានមានប្រសាសន៌ថា ប្រទេសកម្ពុជា និងម៉ុហ្គោលីបានបង្កើតទំនាក់ទំនងកាទូតនឹងគ្នានៅឆ្នាំ១៩៥០ ហើយនេះជាឱកាសដែលប្រទេសទាំងពីរត្រូវពង្រឹងចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការអោយបានល្អរឹងមាំ។ ក្នុងន័យនេះឯកឧត្តមនាយករដ្ឋមន្រ្តី បានស្នើសុំអោយមានការផ្លាស់ប្តូរទស្សនៈកិច្ចពីគ្នាទៅវិញទៅមក រួមទាំងវិស័យឯកជនដូចជា សហគ្រាសធនតូចនិងមធ្យម កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៌ និងវិស័យអប់រំជាដើម។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តីម៉ុហ្គោលី បានស្នើសុំ សម្តេចតេជោ ដើម្បីចែករំលែកនូវបទពិសោធន៌ដែលកម្ពុជាមាននៅក្នុងការ រៀបចំទីផ្សារសេរី និងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មពិសេសដែលមានកន្លងមកជាមួយដៃគូប្រទេសចិន។ ភាគីម៉ុហ្គោលីមានបំណងចាត់តាំងក្រុមការងារពិសេសមករៀនសូត្រនៅកម្ពុជាតែម្តង។ ជាមួយគ្នានេះ ដែរ លោកនាយករដ្ឋមន្រ្តីម៉ុហ្គោលី ក៏បានស្នើសុំការគាំទ្រពីកម្ពុជាដើម្បីចូលជាមាជិកនៃកិច្ចប្រជុំអាស៊ីបូពា និងជាសមាជិកកិច្ចសន្ទនាភាពជាដៃគូរនៃអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៏ និងអរគុណដល់នាយករដ្ឋមន្រ្តីម៉ុងហ្គោលីដែលមានបំណងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ សម្តេចតេជោបានស្នើសុំអោយភាគីពីរពិភាក្សា គ្នបង្កើត “គណៈកម្មការចំរុះ” ដើម្បីធ្វើកិច្ចការងារនេះ។ សម្តេចតេជោ បានបញ្ជាក់ថា មុននឹងបង្កើតគណៈកម្មការចម្រុះនេះ គឺត្រូវមានការចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីការពារអ្នកវិនិយោគ (Investment Protection Agreement) ជាមុនសិន។
ដោយសារទំហំពាណិជ្ជកម្មប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយ សម្តេចតេជោ បានស្នើអោយប្រទេសម៉ុហ្គោលីជួយទិញអង្ករកម្ពុជា ហើយត្រូវសិក្សាមើលថា តើប្រទេសម៉ុហ្កោលីមានផលិតផលអ្វីដែលអាចនាំចូលកម្ពុជាបាន ដើម្បីស្វៈស្វែងរកទីផ្សារទៅវិញទៅមក។ ទាក់ទងនឹងការស្នើសុំចែករំលែកបទពិសោធន៏ទីផ្សារសេរីកម្ពុជាចិននោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា កម្ពុជាពិតជាមានការរីករាយនឹងចែករំលែកបទពិសោធន៏ រីឯការស្នើសុំរបស់ម៉ុហ្គោលីសុំការគាំទ្រពីកម្ពុជាជាមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូពា រឺចូលសមាជិកកិច្ចសន្ទនាភាពជាដៃគូរនៃអាស៊ាននោះ សម្តេចមានប្រសាសន៏ថា សម្តេចនឹងពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានសិន។ យ៉ាងណាក៏ដោយសម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា អាស៊ានតែងតែលើកទឹកចិត្ត និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការណ៏នៃភាពជាដៃគូរ។
នាចុងក្រោយនៃជំនូបនេះ លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ុហ្គោលីបានកោតសរសើពីការដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន ឌេលបានធ្វើអោយកម្ពុជារីកចម្រើន ដោយឯកឧត្តមបានចាត់ទុកថា សម្តេចតេជោ គឺជាថ្នាក់ដឹកនាំពូកែមួយរួមដែលបានតស៊ូរំដោះប្រទេសនាំមកនូវសុខសន្តិភាព និងសេរីភាពសម្រាប់ប្រជាពលរដ្ឋ។ រូបលោកផ្ទាល់ និងប្រជាជនម៉ុងហ្គោលី បានដឹងច្បាស់សអំពី ឈ្មោះដ៏ល្បីល្បាញរបស់សម្តេចតេជោ ហ៊ុន សែន ។ សម្តេចតេជោ បានទទួលសំណើមកទស្សនៈកិច្ច នៅម៉ុងហ្គលី នៅពេលវេលាដ៏សមស្របមួយនៅពេលខាងមុខ ៕