នៅសណ្ឋាគារ China World Hotel រសៀលថ្ងៃទី ១៤ ឧសភា ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ លោក លី ខ្វុងយុក ប្រធានក្រុមហ៊ុន Dingyi Group Investment Ltd អំពីឱកាសវិនិយោគនៅកម្ពុជា។
លោក លី ខ្វុង យុក បានជម្រាបជូន សម្តេចតេជោ ថា ក្រុមហ៊ុនលោកមានបំណងចង់រៀបចំសម្តែងសិល្បៈវប្បធម៌ជាទ្រង់ទ្រាយធំលំដាប់អន្តរជាតិនៅតំបន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ ពិភពលោកទៅទស្សនាកម្ពុជា ហើយចង់បង្ហាញអោយកម្ពុជាមានមោទនៈភាពផងដែរ។ គម្រោងទី២ គឺក្រុមហ៊ុនចង់សហការជាមួយនិស្សិតកម្ពុជាដើម្បីបណ្តុះគំនិតបង្កើនភាពជាសហគ្រិន មានគំនិតបង្កើត និងធ្វើពាណិជ្ជកម្ម វិនិយោគ និងបង្កើតគំនិតថ្មីៗដោយខ្លួនឯង ដែលកន្លងមកក្រុមហ៊ុនលោកបានសហការជាមួយសាកលវិទ្យាល័យមួយចំនួននៅសហរដ្ឋអាមេរិកទទួលបានជោគជ័យ។ ចំពោះគម្រោងទី៣ គឺក្រុមហ៊ុនលោក មានគោលបំណងចែករំលែកជួយគ្នាទៅវិញទៅមកលើផ្នែកសេវាសុខាភិបាល លើការ ពិគ្រោះយោបល់ ពិនិត្យជំងឺតាមប្រព័ន្ឋបច្ចេកវិទ្យា (Internet Medical Check up and treatment) ដែលប្រជាពលរដ្ឋធម្មតាអាចទទួលសេវានេះបាន ដោយការចូលជាសមាជិក។ បច្ចុប្បន្ននេះ គឺបណ្តាញ ក្រុមហ៊ុនលោកមានសមាជិកជិត៨លាននាក់ហើយដែលបានចុះបញ្ជី គឺនឹងកើនឡើងដល់ ៥០លាន នៅឆ្នាំបន្តបន្ទាប់ ហើយនាពេលឆាប់ៗខាងមុខនេះអាចឡើងដល់១៥០លាននាក់។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សេន បានស្វាគមនន៍គំរោងរៀបចំសិល្បៈវប្បធម៌នេះ ព្រោះបច្ចុប្បន្នកម្ពុជាទទួលបានភ្ញៀវទសចរពិភពលោកប្រមាណ ៥លាននាក់ ក្នុងនោះគឺទេសចរចិនប្រមាណជាង១លាននាក់ ហើយគោលដៅកម្ពុជាគឺត្រូវទាក់ទាញទេសចរចិនដល់២លាននាក់។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៏អោយក្រុមហ៊ុនធ្វើការពិភាក្សាជាមួយ លោកឧកញ៉ា ពុង ខៀវសែ មានភូមិវប្បធម៌ខ្មែរស្រាប់ ដើម្បីធ្វើយ៉ាងណាគៀងគរអ្នកទេសចរពិភពលោក និងទេសចរចិនមកអោយបានច្រើនថែមទៀត។ ចំណែកគំរោងក្រុមហ៊ុនដែលចង់សហការជាមួយនិស្សិតកម្ពុជាដើម្បីបង្កើនភាពជាសហក្រិនភាព សម្តេចតេជោនាយករដ្ឋមន្រ្តី បានគាំទ្រគំនិតនេះដែរ ព្រោះផ្តល់ឱកាសដល់និស្សិត អាចបង្កើត មុខរបរ ប្រកបដោយគំនិតឆ្នៃប្រឌិត ដឹកនាំគ្រប់គ្រងធ្វើអាជីវកម្មដោយខ្លួនឯងបានដែលសព្វថ្ងៃនៅ កម្ពុជាមានយុវជន និងនិស្សិតប្រមាណ៣%ទទួលជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន បានស្នើអោយ ក្រុមហ៊ុនចុះទៅប្រទេសកម្ពុជា ដើម្បីសិក្សាអោយបានលម្អិត និងស៊ីជម្រៅ មុនចាប់ផ្តើមវិនិយោគលើ គម្រោងណាមួយ៕