រដ្ឋមន្ត្រី​កសិកម្ម​ប្រកាស​ពី​សមិទ្ធផល​នៃ​ការ​បង្កបង្កើនផល​ស្រូវ​និង​ដំណាំ​រួមផ្សំ​នៅ​កម្ពុជា


រហូតមកដល់​សប្តាហ៍​ទី​៣ ក្នុង​ខែសីហា​នេះ​ស្ថានភាព ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា​មាន​សភាព​លឿន​ជាង​ឆ្នាំមុន​ដោយ​សម្រេចបាន ២.៦៥៨.៧៥៦​ហ​.​ត ស្មើនឹង ១០១,៩០​ភាគរយ នៃ​ផែន​ការដាំដុះ ដែល​ឆ្នាំមុន សម្រេច​បានតែ ៩៤,៧៤​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។ នេះ​បើតាម លទ្ធផល​ដែល ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាស​នៅ​ព្រឹក​ព្រលឹម​ថ្ងៃនេះ ។

​លោក​បាន​ឲ្យ​ដឹងថា លទ្ធផល​ភ្ជួរ​រាស់​រៀបចំ​ដី​សម្រេចបាន​ចំនួន ២.៧០១.១៨៩​ហ​.​ត ក្នុងនោះ ភ្ជួរ​រាស់​ដោយ​គោក្របី​ចំនួន ១៦.២៦១​ហ​.​ត ស្មើនឹង ០,៦០% និង​ដោយ គ្រឿងយន្ត​ចំនួន ២.៦៨៤.៩២៨​ហ​.​ត ស្មើនឹង ៩៩,៤០% លើស​ឆ្នាំមុន ១២៩.៤៤៩ ហ​.​ត​។ លោក​បាន​បន្តថា លទ្ធផល​ស្ទូង​និង​ព្រោះ​សម្រេចបាន​ចំនួន​២.៦៥៨.៧៥៦ ហ​.​ត ស្មើនឹង ១០១,៩០% នៃ​ផែនការ ២.៦០៩.០៦៥​ហ​.​ត លើស​ឆ្នាំមុន ២០៦.៨៧០ ហ​.​ត និង​ស្រូវ​តាម​ប្រភេទ​រួមមាន​៖ ស្រូវស្រាល​ចំនួន ៨៩០.៦៤៥​ហ​.​ត លើស​ឆ្នាំមុន ១៧៩.៦០០​ហ​.​ត​, ស្រូវកណ្ដាល​ចំនួន ១.២៨៩.៧៦២​ហ​.​ត លើស​ឆ្នាំមុន ២៧.០៧៦ ហ​.​ត​,- ស្រូវធ្ងន់​ចំនួន ៤៣៦.០៩១​ហ​.​ត លើស​ឆ្នាំមុន ៩.៨៦៥​ហ​.​ត​, ស្រូវចម្ការ​ចំនួន ១៩.៦១២​ហ​.​ត លើស​ឆ្នាំមុន ១.១១៦​ហ​.​ត​, ស្រូវ​ទ្បើង​ទឹក​ចំនួន ២២.៦៤៦​ហ​.​ត តិចជាង​ឆ្នាំមុន ១០.៧៨៧​ហ​.​ត​។​

​លោក​បាន​បន្តថា ដោយឡែក​ការងារ​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​សម្រេច បាន​ចំនួន ៣០២.៣៣៧​ហ​.​ត លើ​ផ្ទៃដី​អនុវត្ត​ស្រូវស្រាល​សរុប ៨៩០.៦៤៥​ហ​.​ត ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ១.២៦៧.៧៩១​តោន លើស​ឆ្នាំមុន ៧៨៩.១៥១​តោន​។ ទិន្នផល​គិត​ជា​មធ្យម ៤,១៩៣​តោន​/​ហ​.​ត​។​

​ក្រៅពី​ស្រូវ វិញ ចំពោះ​ការងារ​បង្កបង្កើនផល​ដំណាំ​សាកវប្បកម្ម​និង​ដំណាំ ឧស្សាហកម្ម​រដូវវស្សា​ឆ្នាំ​២០២១ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ផ្ទៃដី​ដំណាំ​សាកវប្បកម្ម មានដូចជា​ពោតស ដំឡូងជ្វា បន្លែ​គ្រប់មុខ ម្ទេស ឪឡឹក អនុវត្ដ​បាន​ចំនួន ៥១.៥៣៧​ហ​.​ត ស្មើនឹង ៩៥,៦៦ ភាគរយ​នៃ​ផែនការ ៥៣.៦៨៦​ហ​.​ត តិចជាង​ឆ្នាំមុន ១៦៥​ហ​.​ត​។ សម្រាប់​ផ្ទៃដី​ដំណាំ​ឧស្សាហកម្ម ដែល​រួមមាន​ពោតក្រហម ដំឡូង​មី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក​ជាដើម អនុវត្ដ បាន​ចំនួន ៧៦៦.៣៧៥​ហ​.​ត ស្មើនឹង ៩៣,៤៦​ភាគរយ​នៃ​ផែនការ ៨១៩.៩៨៩​ហ​.​ត លើស​ឆ្នាំមុន ៧.៩៤៤​ហ​.​ត​។​

​គិត​ត្រឹម​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ដំណាំ​ស្រូវ​នៅ​ខេត្ត​ចំនួន​៤ ដូចជា​បន្ទាយ មានជ័យ កណ្តាល ពោធិ៍សាត់ និង​ខេត្តសៀមរាប បាន​បន្ត​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះរាំងស្ងួត​។ ដំណាំ​ស្រូវ​ដែល​ទទួលរង​ផលប៉ះពាល់​សរុប​ចំនួន ៦៧ .៩៤២​ហ​.​ត ស្មើនឹង ២,៥៦​ភាគរយ នៃ​ផ្ទៃដី​ដំណាំ​ស្រូវ​អនុវត្តបាន​ទូទាំងប្រទេស​។ តាម​ការវាយតម្លៃ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និង​ខេត្តសៀមរាប ផ្ទៃដី​ដំណាំ​ស្រូវ​ខូចខាត​សរុប​ចំនួន ១០.៥៥៣​ហ​.​ត និង​ស្តារ​បាន​ចំនួន ២ ៣៧៦​ហ​.​ត​៕