សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលជំនួយ វ៉ាក់សាំងចិន១០ម៉ឺនដូស ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា


ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់មិត្តចិនប្រភេទ ស៊ីណូហ្វាម ចំនួន១០ម៉ឺនដូសទៀត ដែលផ្តល់ជូនជាពិសេសដល់កាកបាទក្រហមកម្ពុជា ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នាល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។

ពិធីប្រគល់ និងទទួលជំនួយវ៉ាក់សាំងនេះ បានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួន។

ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កាកបាទក្រហមកម្ពុជានេះ ត្រូវបានដឹកមកដល់ស្របជាមួយនឹងជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់កងទ័ពរំដោះប្រជាជនចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា។

រហូតដល់ពេលនេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុបជាង ២២លានដូសហើយ ដែលមានទាំងជំនួយ និងការផ្គត់ផ្គង់តាមការបញ្ជាទិញ ដែលក្នុងនោះចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ចិន មានចំនួនរហូតដល់ ៣.៧លានដូស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីដើមខែកក្កដា កន្លងទៅ បានប្រកាសកំណត់យកប្រទេសចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រទេសកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថាក្រៅពីចិនមិនដឹងទៅពឹងនរណានោះឡើយ ព្រោះប្រទេសខ្លះបានតែសន្យា។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ធ្លាប់បានបញ្ជាក់ផងដែរថា កម្ពុជាប្រកាន់នយោបាយការបរទេសចម្រុះពណ៌ ហើយជំនួយពីប្រទេសណា ក៏កម្ពុជាទទួលដែរ គ្រាន់តែយើងកំណត់នូវបង្អែកវ៉ាក់សាំងច្បាស់លាស់មួយប៉ុណ្ណោះ៕