សម្តេចពិជ័យសេនា ទៀ បាញ់៖ ជំនួយវ៉ាក់សាំងរបស់ចិន រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ Delta ក្នុងសហគមន៍កម្ពុជា


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការទទួលវ៉ាក់សាំង ដំណាកកាលទី៣ ចំនួន៥០ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសចិន ជូនរដ្ឋាភិបាលកម្ពុជា ពិតជាបានចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់ផ្តាច់នៃការចម្លងជំងឺកូវីដ១៩ ប្រភេទថ្មី Delta នៅក្នុងសហគមន៍កម្ពុជា យ៉ាងសក្តិសិទ្ធ។

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូហ្វាម ចំនួន ៥០ម៉ឺនដូស ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ជំហានទី៣ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយមានការចូលរួមជាតំណាងរដ្ឋាភិបាលចិន លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើយយ៉ាងដូច្នេះថា៖ «ជាការពិត ការទទួលវ៉ាក់សាំងដំណាក់កាលទី៣ ចំនួន៥០ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសចិន ផ្តល់ជូនក្រសួងការពារជាតិនាថ្ងៃនេះ ពិតជារួមចំណែកប្រកបដោយប្រសិទ្ធ ភាពក្នុងការទប់ស្កាត់ និងកាត់ផ្តាច់នៃការឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មី Delta នៅក្នុងសហគមន៍នៅកម្ពុជា យ៉ាងសក្តិសិទ្ធ។ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ កងទ័ព និងប្រជាជនកម្ពុជា ពិតជាដឹងគុណដ៏ ជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានផ្តល់អំណោយ និងជំនួយសប្បុរសជាច្រើន ជាពិសេសការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស សម្រាប់ក្រសួងការពារជាតិប្រើប្រាស់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងកាលៈទេសៈដ៏លំបាកនេះ»

សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបន្តថា ស្ថានភាពបច្ចុប្បន្ននេះ គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេសមេរោគប្រភេទ Delta ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសនានាក៏ដូចជា នៅកម្ពុជា។ សម្តេចបានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើនបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើ យុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុតក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ រួមទាំងមេរោគបំប្លែងថ្មីប្រភេទ Delta ផងដែរ។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បានគូសបញ្ជាក់ថា «ដោយយល់យ៉ាងច្បាស់លាស់អំពីអត្ថប្រយោជន៍ដ៏សំខាន់នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំព្យាយាមស្វែងរកវ៉ាក់សាំង តាមរយៈយន្តការដែលមានជាទ្វេភាគីក្តី ជាពហុភាគីក្តី ក្នុងរូបភាពជាជំនួយមនុស្សធម៌ក្តី និងជាការបញ្ជាទិញ ដោយផ្ទាល់ក្តី ដើម្បីធានាបាន ចំនួនវ៉ាក់សាំងគ្រប់គ្រាន់ ទាន់ពេលវេលាតាមផែនការដែលបានកំណត់»

ជាមួយនឹងភាពច្បាស់លាស់ នៃការធានារ៉ាក់សាំងតាមគ្រប់យន្តការដែលមានទើបនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចាប់ផ្តើមបើក «យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ» ដែលមានចំនួនសរុបប្រមាណ ២លាននាក់បន្ថែមទៀត និងបានសម្រេចដាក់ចេញនូវ «យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ» ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្តាខេត្តនានា ដែលស្ថិតនៅតាមព្រំដែនជាមួយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទ Delta កំពុងវាយលុក និងរាលដាល រួមជាមួយក្រុមគ្រូពេទ្យកងទ័ពនិងគ្រួសារអតីតយុទ្ធជនទៀតផង។

បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្ថែមថា រាជរដ្ឋាភិបាលនៅតែអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេស វិធានការ «៣ការពារ និង៣កុំ» និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាបន្តបន្ទាប់នៅទូទាំងប្រទេស សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា៕