ចិនប្រកាសថា ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា


រដ្ឋាភិបាលចិន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថា ក្នុងនាមជាមិត្តដែកថែប និងសហគមន៍វាសនារួម ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងដល់រាជរដ្ឋាភិបាលកម្ពុជា។

ជំហររបស់រដ្ឋាភិបាលចិន បានបង្ហាញឡើងតាមរយៈ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូហ្វាម ចំនួន ៥០ម៉ឺនដូស ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ជំហានទី៣ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលពិធីនេះធ្វើឡើក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង ដែលបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក Wang Wentian បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាមិត្ត“ដែកថែប” និងសហគមន៍វាសនារួម ភាគីចិនបានចាត់ទុកបញ្ហាប្រឈមក៏ដូចជាការលំបាកដែលមាននៅកម្ពុជា ជាបញ្ហាប្រឈមក៏ដូចជាការលំបាករបស់ខ្លួន។ ភាគីចិននឹងបន្តផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខារវេជ្ជសាស្ត្រ និងការគាំទ្រជាសម្ភារៈជូនដល់កម្ពុជាតាមលទ្ធភាពដែលអាចធ្វើបាន បន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា»

បើតាមលោកឯកអគ្គរដ្ឋទូត, ចិនមានសុភាសិតមួយតែងពោលថា បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែមានលទ្ធផល។ លោកធ្លាប់លើកឡើងថា ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏ មិនអាចបញ្ឈប់បានដែរ។ ចាប់តាំងពីរលកថ្មី នៃជំងឺវីរុសកូវីដដែលបានផ្ទុះឡើងនៅប្រទេសកម្ពុជា កាលពីខែកុម្ភៈឆ្នាំ២០២១ នេះមក ដើម្បីឆ្លើយតបសំណើររបស់ភាគីកម្ពុជា រដ្ឋាភិបាលនិងយោធាចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយជាវ៉ាក់សាំង និងសម្ភារៈទប់ស្កាត់ជំងឺវីរុសដល់ភាគីកម្ពុជា ជួយសម្របសម្រួលដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ដោយអស់ពីលទ្ធភាព។

គិតត្រឹមថ្ងៃនេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុបចំនួន ២២.២លានដូស ដែលមានទាំងជំនួយ និងការផ្គត់ផ្គង់តាមការបញ្ជាទិញ ដែលលើកនេះគឺជាជំហានទី៦ ដែលចិនបានផ្តល់ជំនួយជាវ៉ាក់សាំងដល់កម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ចិនមានចំនួនរហូតដល់ ៣.៧លានដូស។ ចិនបានគោរពតាមពាក្យសន្យា ដោយជួយផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់ការបង្កើតប្រព័ន្ធភាពស៊ាំជូនដល់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការតាមគ្រប់ទម្រង់ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ជាពិសេសនោះ គឺយុទ្ធនាការចាក់វ៉ាក់សាំងកូវីដដែលត្រូវបានរៀបចំទូទាំងប្រទេស។ នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់រីករាលដាលនៃជំងឺវីរុស និងកាត់បន្ថយសម្ពាធនៃប្រព័ន្ធសុខាលភិបាល។ លោក Wang Wentian បន្តថា រហូតមកដល់បច្ចុប្បន្ននេះ គោលដៅនៃការចាក់វ៉ាក់សាំងជូនប្រជាជន ១០លាននាក់ នៅក្នុងប្រទេសកម្ពុជាជិតសម្រេចបាន អត្រានៃការចាក់វ៉ាក់សាំងមានចំណាត់ថ្នាក់ឈានមុខគេនៅលើពិភពលោក។ លោកថា មានសេចក្តីរាយការណ៍ខ្លះបានលើកឡើងថា ភ្នំពេញជារាជធានីមួយ ដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីដើមខែកក្កដា កន្លងទៅ បានប្រកាសកំណត់យកប្រទេសចិន ធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាក្រៅពីចិនមិនដឹងទៅពឹងនរណានោះឡើយ ព្រោះប្រទេសខ្លះបានតែសន្យា។ សម្តេចក៏ធ្លាប់បានបញ្ជាក់ផងដែរថា កម្ពុជាប្រកាន់នយោបាយការបរទេសចម្រុះពណ៌ ហើយជំនួយពីប្រទេសណា ក៏កម្ពុជាទទួលដែរ គ្រាន់តែយើងកំណត់នូវបង្អែកវ៉ាក់សាំងច្បាស់លាស់មួយប៉ុណ្ណោះ។

ក្នុងឱកាសប្រគល់ និងទទួលវ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូហ្វាម ចំនួន ៥០ម៉ឺនដូសដដដែលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការទទួលវ៉ាក់សាំងពីរដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសចិន ផ្តល់ជូនក្រសួងការពារជាតិ គឺជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសណ្តានចិត្ត «ជួយគ្នាក្នុងគ្រាលំបាក» ស្ថិតក្នុងបរិការណ៍ដែលវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្រ្តគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក៕